ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាម តែមួយគត់ដែលអាចផ្តល់ ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារយើង ក្នុងការយកទៅជួយ សង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាម ។
ថ្លែងក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ នាព្រឹកថ្ងៃទី ០៧ខែសីហា ម្សិលមិញនេះ នៅក្នុងបរិវេណសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីព្រះសង្ឃ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
នាឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បាន សម្តែងនូវក្តីរីករាយសប្បាយចិត្ត នឹងថ្លែងអំណរគុណចំពោះវត្តមាន របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលនេះគឺជាផ្នែក មួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។
ឯកឧត្តមក៏បានលើកឡើង អំពីអត្ថប្រយោជន៍របស់បងប្អូន ដែលជាអ្នកបរិច្ចាគឈាម ផងដែរ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និងជម្ងឺផ្សេងៗជាច្រើនទៀត ហើយក៏ ទទួលបាននូវការសរសើរ និងមានឈ្មោះថាជាអ្នកជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសទៅ ទៀតនោះ គឺអ្នកដែលបានផ្ដល់ឈាម និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុមគ្រួសារខ្លួន ត្រូវការឈាមបន្ទាន់ ។
តាមការបញ្ជាក់ពីពេទ្យជំនាញ បានអះអាងថា ការអ្នកបរិច្ចាគឈាម គឺទទួលបានការ ពិនិត្យសុខភាព និងវិភាគឈាមដោយឥតគិតថ្លៃ ហើយលក្ខខណ្ឌនៃការផ្តល់ឈាម គឺត្រូវមាន អាយុចាប់ពី ១៨ឆ្នាំដល់ ៥៥ឆ្នាំ មានទម្ងន់តិចបំផុត ៤៥គីឡូក្រាម ក្នុងនោះចំពោះស្ត្រីអាច ផ្តល់ឈាមបានក្នុងរយៈពេល ៤ខែម្តង ចំណែកឯបុរសអាចផ្តល់ឈាមបាន ក្នុងរយៈពេល ៣ខែ ម្តង។
សូមបញ្ជាក់ថា ឈាមដែលទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្តរបស់បងប្អូន នាពេល នេះសរុបចំនួន ៩៤នាក់ ក្នុងចំណោមអ្នកចូលរួមសរុប ១១៦នាក់ ៕










