ប៉ូឡូញ៖ រដ្ឋាភិបាលប៉ូឡូញកាលពីថ្ងៃចន្ទ បានចោទប្រកាន់ប្រទេសបេឡារុស និងរុស្ស៊ីពីបទរៀបចំលំហូរជនអន្តោប្រវេសន៍មួយផ្សេងទៀតចូលទៅក្នុងសហភាពអឺរ៉ុប តាមព្រំដែនប៉ូឡូញក្នុងគោលបំណងធ្វើឲ្យតំបន់មានអស្ថិរភាព។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ លោក ម៉ាស៊ី វ៉ាស៊ីក (Maciej Wasik) បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«យើងកំពុងនិយាយអំពីប្រតិបត្តិការដែលរៀបចំឡើងដោយសេវាកម្មសម្ងាត់របស់ប្រទេសរុស្ស៊ី និងបេឡារុសដែលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង»។
លោក តូម៉ាស ប្រាហ្គា (Tomasz Praga) ប្រធានឆ្មាំត្បាតព្រំដែនប៉ូឡូញ បានបន្ថែមថា សេវាបេឡារុស ក្លាយទៅជា«ក្រុមឧក្រិដ្ឋជនដែលគ្រប់គ្រងការធ្វើទេសន្តរប្រវេសន៍ខុស ច្បាប់។
លោកបានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«ពិតណាស់ ពួកគេកំពុងរកប្រាក់ចំណេញយ៉ាងច្រើនពីការធ្វើទេសន្តរប្រវេសន៍នេះ។
ក្នុងអំឡុងពេលវិបត្តិព្រំដែនពីមុន ចាប់ផ្តើមនៅរដូវក្តៅឆ្នាំ ២០២១ ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនរាប់ម៉ឺននាក់ ដែលភាគច្រើនមកពីមជ្ឈិមបូព៌ា បានឆ្លង ឬប៉ុនប៉ងឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញពីប្រទេសបេឡារុសជិតខាង៕

