រុស្ស៊ី៖ ទីភ្នាក់ងារសាក់ខាក្នុងតំបន់នៃក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ចំហេះព្រៃជិត១០០កន្លែង កំពុងឆាបឆេះនៅក្នុងសាធារណរដ្ឋចុងបូព៌ា សាក់ខា (Sakha) របស់ប្រទេសរុស្ស៊ី។
ក្រុមអាជ្ញាធរបាននិយាយថា ចំហេះព្រៃចំនួន៩៨ករណី បានឆាបឆេះលើផ្ទៃដីសរុបចំនួន១២៥.៦០០ហិចតា ដែលជាទំហំប្រហែលពាក់កណ្តាលនៃប្រទេសលុចសំបួ។
ក្រុមមន្ត្រីសង្គ្រោះបន្ទាន់បានបន្ថែមថា ពួកគេកំពុងបន្តតាមដានផ្សែងពីចំហេះនោះ ខណៈដែលទីប្រជុំលំនៅឋានជាច្រើននៅទូទាំងតំបន់ត្រូវបានគេរាយការណ៍ថា បានគ្របដណ្តប់ដោយផ្សែង។
ចំហេះព្រៃនៅរដូវក្តៅ កើតឡើងប្រចាំឆ្នាំក្នុងសាធារណរដ្ឋសាក់ខា ជាតំបន់ធំបំផុត និងត្រជាក់បំផុតរបស់រុស្ស៊ី។ ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតំបន់អាក់ទិករបស់រុស្ស៊ី ឡើងកម្តៅលឿនជាងមធ្យមភាគពិភពលោកចំនួនពីរដង។
លោក Grigory Kuksin អ្នកជំនាញការពារចំហេះព្រៃឯករាជ្យបានប្រាប់សារព័ត៌មាន The Moscow Times ថា ស្ថានភាពនៅសាធារណរដ្ឋសាក់ខាឆ្នាំនេះអាក្រក់ណាស់ ហើយក្រុមអាជ្ញាធរមិនតម្រូវឱ្យចាត់វិធានការប្រឆាំងនឹងការរីករាលដាលបន្ថែមទៀតរបស់ចំហេះទាំងនេះឡើយ។
ចាប់តាំងពីដើមរដូវកាលចំហេះព្រៃឆ្នាំនេះមក ចំហេះព្រៃជាង៧០០ករណី ត្រូវបានចុះបញ្ជីនៅក្នុងសាធារណរដ្ឋសាក់ខា ដែលប៉ះពាល់ដល់ផ្ទៃដីសរុប១,២លានហិចតា នេះបើយោងតាមទីភ្នាក់ងារការពារចំហេះព្រៃ ដែលជាសាខានៃទីភ្នាក់ងារព្រៃឈើសហព័ន្ធរបស់ប្រទេសរុស្ស៊ី៕

