
អេស្ប៉ាញ៖ កាលពីថ្ងៃចន្ទ ប្រទេសអេស្ប៉ាញ បានត្រៀមទប់ទល់ថ្ងៃដំបូងនៃរលកកម្ដៅរយៈពេលមួយសប្តាហ៍ដែលក្រុមអ្នកឧតុនិយមរំពឹងថា នឹងជំរុញទែរម៉ូម៉ែត្រលើសពីកម្រិត៤៤អង្សាសេ (១១១ហ្វារិនហៃ) នៅក្នុងផ្នែកខ្លះនៃឧបទ្វីប Iberian ព្រមទាំងបង្កើនហានិភ័យនៃចំហេះព្រៃផងដែរ។
អឺរ៉ុបខាងត្បូងកំពុងប្រឈមមុខនឹងសីតុណ្ហភាពដ៏ខ្ពស់បំផុតក្នុងរដូវកាលទេសចរណ៍នៃរដូវក្តៅនេះ ដែលជំរុញឱ្យក្រុមអាជ្ញាធរព្រមានអំពីហានិភ័យសុខភាព។
ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា រលកកម្តៅកាន់តែញឹកញាប់ កាន់តែខ្លាំង និងរាលដាលពេញមួយរដូវ ដោយសារតែបម្រែបម្រួលអាកាសធាតុ។
លោក Ruben del Campo នៃទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ AEMET បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា កត្តាដែលបណ្តាលឱ្យមានរលកកម្ដៅចុងក្រោយបំផុតគឺបរិយាកាសនៅនឹង ដែលបណ្តាលឲ្យមេឃគ្មានពពក ព្រមទាំងការមកដល់នៃម៉ាស់ខ្យល់ក្តៅ និងស្ងួតពីអាហ្វ្រិកខាងជើង ។
លោកបានបន្ថែមថា ការរួមបញ្ចូលគ្នានៃសីតុណ្ហភាពក្តៅខ្លាំង និងសំណើមទាប បានធ្វើឱ្យទឹកនៅក្នុងអាងស្តុកទឹកហួតក្នុងអត្រាលឿនជាងមុន ខណៈការប្រើប្រាស់ក៏កំពុងកើនឡើងផងដែរ ធ្វើឲ្យផលប៉ះពាល់នៃគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗ ដែលអូសបន្លាយរយៈពេលយូរទៅលើប្រទេសអេស្ប៉ាញ៕