ប៉ាគីស្ថាន៖ក្រុមមេធាវីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នៅថ្ងៃអង្គារ (៨ សីហា)នេះ គ្រោងនឹងដាក់សំណើសុំនៅក្រៅឃុំសម្រាប់រូបលោក ខណៈរូបលោកកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដែលមានអាយុកាលមួយសតវត្ស នៅពេលចាប់ផ្តើមការជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ។
អតីតកីឡាករវាយគ្រីឃីតអន្តរជាតិរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធភាពនៅក្នុងសំណុំរឿងជាង២០០ករណី ដែលលោកបានប្រឈមមុខ ចាប់តាំងពីត្រូវបានបណ្តេញចេញពីតំណែង ក្នុងការបោះឆ្នោតសកលកាលពីខែមេសា ឆ្នាំ២០២២មក។
ការជាប់ពន្ធនាគារបានហាមឃាត់រូបលោកមិនឱ្យចូលរួមការបោះឆ្នោតខាងមុខ។ លោក Khan កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារសម័យអាណានិគមមួយនៅជាយក្រុងប្រវត្តិសាស្ត្រ Attock ចម្ងាយប្រហែល៦០គីឡូម៉ែត្រភាគខាងលិចរដ្ឋធានី Islamabad។
អ្នកនាំពាក្យរបស់លោក Khan ឈ្មោះ Raoof Hasan បានប្រាប់សារព័ត៌មាន AFP ថា ក្រុមមេធាវីរបស់លោក Khan នឹងដាក់ពាក្យសុំនៅក្រៅឃុំនៅថ្ងៃអង្គារនេះនៅតុលាការជាន់ខ្ពស់រដ្ឋធានី Islamabad បន្ទាប់ពីបានទៅសួរសុខទុក្ខលោកនៅក្នុងពន្ធនាគារដើម្បីទទួលបានអំណាចមេធាវីពីលោក៕

