ភ្នំពេញ៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា ចាប់តាំពីមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ឆ្នាំ២០២៣នេះ រហូតដល់ការបោះឆ្នោតបានបញ្ចប់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជាអាចរក្សាបាននូវស្ថិរភាពក្នុងការប្រកបអាជីវកម្ម និងបានប្ដេជ្ញាសហការធ្វើការងារជាមួយរដ្ឋាភិបាលថ្មីជាដោយផ្ដោតសំខាន់លើការកែច្នៃផលិតផលក្នុងស្រុក។
លោកឧកញ៉ា តែ តាំងប៉ ថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៣នេះថាប្រទេសកម្ពុជាក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី កាលពីអាណត្តិមុនៗ គ្រប់គ្រងបានយ៉ាងល្អចំពោះបញ្ហានយោបាយនៅក្នុងប្រទេស ជាពិសេសវិបត្តិជំងឺកូវីដ-១៩ហើយបានរៀបចំព្រឹត្តិការធំៗជាច្រើនឱ្យទទួលបានជោគជ័យដូចជាព្រឹត្តិការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។
លោកបន្តថា តាមរយៈយុទ្ធសាស្រ្ដ និងគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានេះហើយទើបអាចរក្សាបាននូវស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ា តែ តាំងប៉ ក្នុងនាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មី សម្រាប់ដឹកនាំប្រទេសកម្ពុជា ។ លោកបន្តថា វិស័យឯកជនជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា ប្ដេជ្ញារួមគ្នាធ្វើកិច្ចការងារជាមួយរាជរដ្ឋាភិបាលថ្មីជាពិសេសលើការកែច្នៃផលិតផលក្នុងស្រុកដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជាឱ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត។
សូមជម្រាបថា សហគ្រាសធុនតូច និងមធ្យម បានកំពុងដើរតួរជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ដើម្បីគាំទ្រ និងជំរុញឱ្យមានកំណើនជាបន្តបន្ទាប់ និងការពង្រីកអាជីវកម្មខ្នាតតូច និងមធ្យមរបស់សហគ្រាសធុនតូច និងមធ្យមរាជរដ្ឋាភិបាលបានលើកទឹកចិត្តផ្នែកគោលនយោបាយដូចជា ការកាត់បន្ថយពន្ធ និងការលើកលែងពន្ធជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា