កូរ៉េខាងជើង៖ ក្រុមចោរព័ត៌មានវិទ្យាសម្រាំង (Hacker) របស់កូរ៉េខាងជើង បានបំពានចូលបណ្តាញកុំព្យូទ័រយ៉ាងសម្ងាត់នៅឯក្រុមហ៊ុនអភិវឌ្ឍន៍មីស៊ីលរុស្ស៊ីដ៏ធំមួយយ៉ាងហោចណាស់ ៥ខែ កាលពីឆ្នាំមុន នេះបើយោងតាមភ័ស្តុតាងបច្ចេកទេសដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters និងការវិភាគរបស់អ្នកស្រាវជ្រាវផ្នែកសន្តិសុខ។
សារព័ត៌មាន Reuters បានរកឃើញក្រុមចារកម្មតាមបណ្តាញព័ត៌មានបច្ចេកវិទ្យាអ៊ិនធើណិត ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ដែលអ្នកស្រាវជ្រាវផ្នែកសន្តិសុខហៅថា ស្កាក្រាហ្វធ៍ ( ScarCruft) និងឡាហ្សារុស ( Lazarus) បានដំឡើងជាសម្ងាត់នូវប្រព័ន្ធឌីជីថលដ៏សម្ងាត់ទៅក្នុងប្រព័ន្ធ NPO Mashinostroyeniya (NPO ម៉ាស៊ីណូស្រ្តូយេនីយ៉ា) ដែលជាការិយាល័យគំរូប្លង់រ៉ុក្កែត ដែលមានមូលដ្ឋាននៅទីក្រុងរឺទៅ (Reutov) ដែលជាទីក្រុងតូចមួយនៅជាយទីក្រុងមូស្គូ។
Reuters មិនអាចកំណត់ថាតើទិន្នន័យណាមួយ ត្រូវបានគេយកក្នុងអំឡុងពេលការលួចជ្រៀតចូល ឬព័ត៌មានអ្វីដែលអាចត្រូវបានមើលនោះទេ។ ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការវាយលុកចូលប្រព័ន្ធឌីជីថល ទីក្រុងព្យុងយ៉ាងបានប្រកាសពីការអភិវឌ្ឍជាច្រើននៅក្នុងកម្មវិធីមីស៊ីលផ្លោង ដែលត្រូវបានហាមឃាត់របស់ខ្លួន ប៉ុន្តែវាមិនច្បាស់ទេថាតើវាទាក់ទងនឹងការបំពាននេះ ឬយ៉ាងណាទេ។
ក្រុមអ្នកជំនាញនិយាយថា ឧបទ្ទវហេតុនេះ បង្ហាញពីរបៀបដែលប្រទេសឯកាមួយនេះ នឹងដាក់គោលដៅលើសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជារុស្ស៊ី ក្នុងគោលបំណង ដើម្បីទទួលបានបច្ចេកវិទ្យាសំខាន់ៗ៕


