ភ្នំពេញ៖ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ BTVថា មកដល់ថ្ងៃទី៨ ខែសីហានេះ ស្ថានភាពទឹកទន្លេមេង្គ ចាប់ផ្តើមបែកវាលហូរចូលព្រែកភាគច្រើន ហើយ តែមិនទាន់ដល់ចំណុចត្រូវប្រកាសអាសន្ន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ខណៈគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងតាមដានយ៉ាងម៉ត់ចត់ពីស្ថានភាពទឹកជំនន់។
ឯកឧត្តម បានបញ្ជាក់ថា ដើម្បីបង្ការគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំទីទួល សុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋ និងត្រៀមកម្លាំងជួយអន្តរគមន៍ជាដើម។
យោងតាមព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា នេះ បានបង្ហាញថា ទន្លេមេង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៨ម៉ែត្រ ធៀប ម្សិលមិញ ថយចុះ០.៣៥ម៉ែត្រ, ទន្លេមេង្គ-ក្រចេះ ទឹកមានកម្ពស់១៨.២៣ម៉ែត្រ ធៀបម្សិលមិញ ថយចុះ ០.៣៣ម៉ែត្រ ទន្លេមេង្គ-កំពង់ចាម ទឹកមានកម្ពស់១១.៧២ម៉ែត្រ ធៀបម្សិលមិញ ថយចុះ០.២៤ម៉ែត្រ ទន្លេមេង្គ-ចតុមុខ ទឹកមានកម្ពស់៧.០៥ម៉ែត្រ ធៀបម្សិលមិញ ថយចុះ០.១០ម៉ែត្រ និងទន្លេមេង្គ-អ្នក លឿង ទឹកមានកម្ពស់៥.០៣ម៉ែត្រ ធៀបម្សិលមិញ ថយចុះ០.០៦ម៉ែត្រ៕អត្ថបទ៖ ទូច សោភ័ណ


