កោះកុង ៖ រដ្ឋបាលខេត្តកោះកុង សហការជាមួយក្រុមហ៊ុនម៉ៅការឯកជន ផ្តើមអនុវត្តគម្រោងកែលម្អសួនច្បារ និងរៀបចំការ៉ូឡាថ្មីជាង៥០០ម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ព្រមទាំងទាក់ទាញភ្ញៀវទេសចរបន្ថែម។
គម្រោងសាងសង់កែលម្អសួនច្បារក្រោលការ៉ូក្រនីត ចាក់បេតុងចិញ្ចើម ផ្លូវសងខាងសួន និងរៀបជម្រាលជើងទេរថ្មភ្នំប្រវែងបណ្តោយ៥០០ម៉ែត្រ និងទទឹង២៧ម៉ែត្រ នឹងលេចរូបរាងចេញជាស្ថាពរនៅចុងឆ្នាំ២០២១ខាងមុខនេះ។
នេះបើតាមការបញ្ជាក់របស់លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង ថ្លែងនៅថ្ងៃទី២១ ខែឧសភា ថា មូលហេតុដែលរដ្ឋបាលខេត្ត ផ្ដួចផ្ដើមបង្កើតជាគម្រោងនេះឡើងចាប់ពីមុខផ្ទះអតីតអភិបាលខេត្តរហូតដល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រោយការមើលឃើញពីស្ថានភាពសួនច្បារនៅមិនទាន់ស្អាតល្អ និងបង្កើនភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវអ្នកទេសចរគ្រប់មជ្ឈដ្ឋាន។
លោក វ៉ែន សុខា គូសបញ្ជាក់ទៀតថា បើគ្មានការប្រែប្រួលទេ គម្រោងអនុវត្តខាងលើ នឹងបិទបញ្ចប់ចុងឆ្នាំ២០២១ខាងមុខនេះហើយ។ កាលដែលទើបតែផ្ដើមអនុវត្ត ក៏ព្រោះតែការផ្ទុះព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩សហគមន៍ ២០ កុម្ភៈ បង្កឱ្យមានការពន្យារពេលវេលា។ ក្រៅពីកែលម្អសួនច្បារ រៀបចំការ៉ូឡាថ្មី បន្ថែមបង់អង្គុយ រដ្ឋបាលខេត្ត ក៏មានបំណងបញ្ជាទិញឧបករណ៍ក្មេងលេងកម្សាន្តផងដែរ គ្រាបច្ចុប្បន្នទីរួមខេត្តមានតែកន្លែងហាត់ប្រាណមនុស្សចាស់ពេញវ័យ។
ចំណែកឯក្រុមពលរដ្ឋ អាជីវករលក់ដូរនៅតាមដងផ្លូវក្បែរការដ្ឋានគម្រោង បានបង្ហាញការពេញចិត្តជាខ្លាំងពេលដឹងថា មានការកែលម្អថ្មីបែបនេះ ដោយសព្វថ្ងៃសួនច្បារមានតែដើមឈើ ព្រមទាំងបង់អង្គុយលេងបន្តិចបន្តួចប៉ុណ្ណោះ។
ពលរដ្ឋ និងអាជីវករ រំពឹងទុកជាមុនថា នៅពេលគម្រោងកែលម្អសួនច្បារ រៀបចំការ៉ូឡាថ្មី ឬសួនកុមារ វារឹតតែលើកកម្ពស់សោភ័ណទីក្រុង ក៏ដូចជាបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត ក្រោយជំងឺកូវីដធូរស្រាលខ្លាំងជាងនេះ។
គួរជម្រាបថា នេះគ្រាន់តែជាគម្រោងជំហានទី១ទេ នៅមានគម្រោងកែលម្អជំហានទី២ដែលនឹងបន្តចេញពីមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថទៅដល់មុខស្តូបវិមានឯករាជ្យ៕
អត្ថបទ ៖ ឈឹម មករា