ភ្នំពេញ៖ នៅថ្ងៃទី៨ ខែសីហានេះឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ត្រីមាសទី២ និងលើកទិសដៅអនុវត្តត្រីមាសបន្តឆ្នាំ២០២៣ របស់គណៈកម្មការគ្រប់គ្រង គម្រោង ហូកាដែលអនុវត្តដោយក្រសួងទេសចរណ៍ និងអង្គការស្វីស ខន់ថាក់ ដើម្បីបង្កើនសកម្មភាពបណ្តុះបណ្តាលជំនាញទេសចរណ៍ជូនយុវជនកំពុងបម្រើការនៅតាមគោលដៅទេសចរណ៍ នៅតាមខេត្តចំនួន១០។
ឯកឧត្តម ប៉ាក់ សុខុម មានប្រសាសន៍ថា មកដល់ពេលនេះ ក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ បានអនុវត្តអនុស្សរណៈការយោគយល់គ្នាជាផ្លូវការអនុវត្តគម្រោង ហូកា រយៈពេល ៣ឆ្នាំមកហើយ ជាលទ្ធផល គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួនជិត ៣.៣៥០រូប ខណៈនៅក្នុងឆមាសទី០១ ឆ្នាំ២០២៣ នេះគម្រោង ហូកា បានបណ្តុះបណ្តាលទៅដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកកំពុងបម្រើការនៅតាមវិស័យសេវាកម្មនានា បានចំនួន ១,២២៤រូប ក្នុងនោះស្រ្តីចំនួន ៧៥០ រូប។
ឯកឧត្តម ប៉ាក សុខុម បន្តថា នៅក្នុងដំណើរការបណ្តុះបណ្តាលជំនាញទេសចរណ៍នេះ គឺ បានបង្កើតឱកាសការងារដល់យុជន ទទួលបានប្រាក់ចំណូលសមរម្យ ស្របតាមយុទ្ធនាការអភិវឌ្ឍន៍ជំនាញ “បុគ្គលិកម្នាក់ ជំនាញមួយ” និងឆ្លើយតបទៅនឹងតម្រូវការអ្នកជំនាញក្នុងឆ្នាំ២០២៥ ប្រមាណ ១លាននាក់ ឆ្នាំ២០៣០ មានតម្រូវការអ្នកជំនាញប្រមាណ ១,៥លាននាក់ និងឆ្នាំ២០៣៥ តម្រូវការអ្នកជំនាញ ប្រមាណ១,៩លាននាក់ និងឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ UN។
បើតាមលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ថ្លែងថា តាមរយៈការបណ្តុះបណ្តាលនេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញជូនបុគ្គលិកប្រតិបត្តិករទេសចរណ៍សរុបចំនួន ១០៦ អាជីវកម្ម ប្រមាណ១០មុខជំនាញក្នុងវិស័យទេសចរណ៍។
លោក បន្តថា តាមការសង្កេត ក្រោយការបណ្តុះបណ្តាល ជាទូទៅ ក្រុមយុវជន បុគ្គលិកកំពុងបម្រើការនៅតាមអាជីវកម្មនានានោះ គឺត្រូវបានម្ចាស់អាជីវកម្ម សម្រេចចិត្តដំឡើងប្រាក់បៀរវត្សរង្វង់២០%បន្ថែម ហើយការផ្តល់សេវាតាមមូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍គឺមានអភិវឌ្ឍន៍ ធ្វើការងារស្របតាមជំនាញវិជ្ជាជីវៈត្រឹមត្រូវ៕អត្ថបទ ស៊ុម សុខជា