រុស្សី៖ រូបិយប័ណ្ណ រូប្លិ៍ របស់រុស្ស៊ី បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៦ខែកន្លងមក ដោយមានតម្លៃ ៩៦រូប្លិ៍ក្នុង១ដុល្លារ នៅព្រឹកថ្ងៃចន្ទ (៧ សីហា)នេះ ដែលតួលេខនេះរងផលប៉ះពាល់ពីតម្រូវការក្នុងស្រុកយ៉ាងខ្លាំងសម្រាប់រូបិយប័ណ្ណបរទេស ហើយជាទូទៅមានការគាំទ្រទាបពីអ្នកនាំចេញនៅដើមខែ។
រូបិយប័ណ្ណ រូប្លិ៍ កំពុងបន្តការខាតបង់បន្ទាប់ពីធ្លាក់ចុះជាង៤% ធៀបនឹងប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ក្នុងកំណត់ត្រាមួយសប្តាហ៍ដ៏អាក្រក់បំផុតរបស់ខ្លួនពេញមួយឆ្នាំ។ ក្រុមអាជ្ញាធររុស្ស៊ីនិយាយថា ប្រាក់ចំណូលនាំចេញទាប និងការនាំចូលឡើងវិញ គឺជាមូលហេតុចម្បងនៃការធ្លាក់ចុះតម្លៃប្រាក់រូប្លិ៍។
នៅម៉ោង ០៧:២៩នាទី (ម៉ោងក្នុងស្រុក) ប្រាក់ រូប្លិ៍ បានធ្លាក់ចុះចំនួន ០,៣% ធៀបនឹងប្រាក់ដុល្លារ នៅកម្រិត ៩៦,០១រូប្លិ៍ មុននឹងឈានដល់៩៦,៣៦៧៥រូប្លិ៍ ដែលជាចំណុចខ្សោយបំផុតចាប់តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២មក។
រូបិយប័ណ្ណ រូប្លិ៍ មានទំនោរធ្លាក់ចុះនៅដើមខែជារៀងរាល់ខែ បន្ទាប់ពីបាត់បង់ការគាំទ្ររយៈពេលបង់ពន្ធចុងខែ ដែលជាធម្មតាគេមើលឃើញក្រុមហ៊ុននាំចេញបង្វែរប្រាក់ចំណូលជារូបិយប័ណ្ណបរទេស (FX) ព្យាយាមរកចំណូលដើម្បីបំពេញតម្រូវការបំណុលក្នុងស្រុក។
ក្រុមអ្នកលេងទីផ្សារភាគហ៊ុនក៏រួមចំណែករុញឲ្យរង្គោះរង្គើដល់ប្រាក់ រូប្លិ៍ គឺដោយសារការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិចពីប្រទេសរុស្ស៊ី ដែលអាចជំរុញការបញ្ជាទិញបង្វែរជារូបិយប័ណ្ណបរទេសឬ FX ដ៏ធំ និងរុញឲ្យមានការប្រែប្រួលទីផ្សាររូបិយប័ណ្ណផងដែរ៕

