នីហ្សេ៖ ប្រភពយោធាមួយបានប្រាប់សារព័ត៌មាន CNN ថា កងកម្លាំងប្រដាប់អាវុធរបស់នីហ្សេ បាននឹងកំពុងបញ្ចូនយកកងកម្លាំងទៅកាន់រដ្ឋធានី ដើម្បីទប់ទល់នឹងអន្តរាគមន៍យោធាដ៏មានសក្តានុពលមួយ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីរបបសឹកដែលកំពុងគ្រប់គ្រងប្រទេសនេះ បានបដិសេធមិនគោរពតាមកាលកំណត់របស់ប្លុកតំបន់ដ៏មានឥទ្ធិពលមួយក្នុងការប្រគល់អំណាច។
ក្បួនរថយន្តភីកអាប់ប្រហែល៤០គ្រឿងបានទៅដល់នៅពេលយប់កាលពីល្ងាចថ្ងៃអាទិត្យ ដោយនាំកងទ័ពមកពីផ្នែកផ្សេងទៀតនៃប្រទេស ដើម្បីធានាដល់សុវត្ថិភាពសាធារណជនដែលកំពុងភ័យខ្លាច និងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធដ៏ធំ។ ប្រទេសនីហ្សេ បានជាប់គាំងនៅក្នុងភាពចលាចលនយោបាយចាប់តាំងពីចុងខែមុន នៅពេលដែលលោកប្រធានាធិបតី Mohamed Bazoum ត្រូវបានបណ្តេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារដោយកងអង្គរក្សប្រធានាធិបតីរបស់ខ្លួន។
ប្លុកសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានឆ្លើយតបប៉ុន្មានថ្ងៃក្រោយមក ដោយការដាក់ទណ្ឌកម្ម និងចេញឱសានវាទដល់របបសឹកដែលកំពុងកាន់អំណាច ដោយឲ្យពួកគេប្រគល់អំណាចក្នុងរយៈពេលមួយសប្តាហ៍ បើមិនដូចច្នោះទេពួកគេអាចប្រឈមមុខនឹងអន្តរាគមន៍យោធាដ៏ខ្លាំងក្លា។
បណ្ដាមេដឹកនាំប្លុក ECOWAS និយាយថា អ្វីដែលពួកគេគាំទ្រនោះគឺការស្វែងរកដំណោះស្រាយការទូតចំពោះវិបត្តិនេះ ប៉ុន្តែបានរក្សាគោលជំហរថាពួកគេមានឆន្ទៈក្នុងការងាកទៅរកការប្រើប្រាស់កម្លាំងជាមធ្យោបាយចុងក្រោយ ដើម្បីឲ្យរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសនីហ្សេឡើងកាន់អំណាចវិញ៕

