រុស្ស៊ី៖ យោងតាមមន្ត្រីអាមេរិកពីររូបបានឲ្យដឹងថា នាវារុស្ស៊ី និងចិនចំនួន១១គ្រឿង បានធ្វើដំណើរក្បែរកោះ Aleutian ( អាលូស្ហិន) នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនជាផ្នែកនៃសមយុទ្ធរួមគ្នា ដែលនាំឲ្យសហរដ្ឋអាមេរិកដាក់ពង្រាយនាវាចម្បាំង និងយន្តហោះ ដើម្បីតាមដានសកម្មភាពនោះ ឥឡូវនេះកំពុងផ្លាស់ទីឆ្ងាយពីតំបន់នោះហើយ។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់នាវានៅជិតខ្សែសង្វាក់កោះនោះ នាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកចំនួន៤គ្រឿង ដែលកំពុងប្រតិបត្តិការនៅមហាសមុទ្រប៉ាស៊ីហ្វិកបានត្រួតពិនិត្យសកម្មភាពរបស់នាវាទាំងនោះពីចម្ងាយផ្សេងៗគ្នា។
មន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ថា នាវារុស្ស៊ី និងចិនទាំង១១គ្រឿងនោះ នៅតែស្ថិតក្នុងដែនទឹកអន្តរជាតិ ហើយមិនបានបើកចូលទៅក្នុងដែនទឹករបស់សហរដ្ឋអាមេរិក ដែលលាតសន្ធឹងចម្ងាយ១២ម៉ាយល៍ពីឆ្នេរសមុទ្រអាឡាស្កា នោះទេ។
ក្រុមមន្ត្រីអាមេរិកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពី ថាតើនាវារុស្ស៊ី និងចិន បានខិតទៅជិតទឹកដីអាមេរិកខ្លាំងប៉ុណ្ណានោះទេ។ សមយុទ្ធល្បាតនោះបានបង្ហាញពីភាពជាក់ស្តែងនៃឯកភាព និងកម្លាំងយោធារវាងប្រទេសចិន និងរុស្ស៊ី៕

