ឥណ្ឌា៖ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសឥណ្ឌា បានរារាំងក្រុមហ៊ុនផលិតយានដ្រូនយោធាក្នុងស្រុកពីការប្រើប្រាស់បំណែកផ្សំ ដែលត្រូវបានផលិតនៅក្នុងប្រទេសចិន ជុំវិញការព្រួយបារម្ភអំពីភាពងាយរងគ្រោះផ្នែកសន្តិសុខ នេះបើយោងតាមមន្ត្រីការពារជាតិ និងឧស្សាហកម្ម៤រូប និងឯកសារជាច្រើនដែលត្រូវបានពិនិត្យមើលដោយសារព័ត៌មានReuters ។
ចំណាត់ការនេះ កើតឡើង ចំពេលមានភាពតានតឹងរវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរ និងខណៈដែលទីក្រុងញូវដែលី បន្តធ្វើទំនើបកម្មផ្នែកយោធា ដែលគិតគូរពីការប្រើប្រាស់កាន់តែច្រើននៃឧទ្ធម្ភាចក្រគ្មានមនុស្សបើក ប្រព័ន្ធធន់បានយូរ និងកម្មវិធីស្វយ័ប្រវត្តិផ្សេងៗ ទៀត។
ប៉ុន្តែខណៈដែលឧស្សាហកម្មឥណ្ឌាដែលកំពុងចាប់កំណើតនេះ មានផែនការដើម្បីបំពេញតម្រូវការរបស់យោធា តួរលេខការពារជាតិ និងឧស្សាហកម្ម បានឲ្យដឹងថា ក្រុមមេដឹកនាំសន្តិសុខរបស់ឥណ្ឌា មានការព្រួយបារម្ភថា ការប្រមូលផ្តុំព័ត៌មានស៊ើបការណ៍ អាចត្រូវបានសម្របសម្រួលដោយគ្រឿងបន្លាស់ ដែលផលិតដោយប្រទេសចិននៅក្នុងមុខងារទំនាក់ទំនងរបស់យានដ្រូន កាមេរ៉ា គ្រឿងបញ្ជូនសារតាមវិទ្យុ និងកម្មវិធីប្រតិបត្តិការ(operating software)។
មនុស្សបីនាក់ក្នុងចំនោមមនុស្សទាំងនេះ និងឥស្សរជនរដ្ឋាភិបាល និងឧស្សាហកម្មចំនួន៦រូបផ្សេងទៀតដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន Reuters បាននិយាយក្នុងលក្ខខណ្ឌអនាមិក ខណៈដែលពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ឬដោយសារតែភាពរសើបនៃប្រធានបទនេះ។ ក្រសួងការពារជាតិឥណ្ឌា មិនបានឆ្លើយតបនឹងសំណួរជាច្រើនរបស់Reuters។

