ភ្នំពេញ ៖ សមត្ថកិច្ចបានបញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស និងអង្គរក្ស ចំនួន ១៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា : " នៅរសៀលម៉ោង ២នេះ សមត្ថកិច្ចនៃនងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំកសាងសំណុំរឿងបញ្ជូនម្ចាស់ដីឡូត៌ពិភពដីមាស និងអង្គរក្សចំនួន ១៣នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ ទាក់ទងទៅនឹងបទល្មើសមួយចំនួនដូចជាអំពើឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់។ល។"។
សូមជម្រាបថា សមត្ថកិច្ចបានឃាត់ខ្លួនថៅកែដីឡូត៌ពិភពដី មាស និងក្រុមអង្គរក្ស យកទៅសាកសួរនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ ការនាំខ្លួននេះ គឺតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។





