ភ្នំពេញ៖ គណៈប្រតិភូសាធារណរដ្ឋកូរ៉េ បានដឹកនាំនូវក្រុមយុវជន មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួនជាង៩០នាក់ មកស្វែងយល់អំពីការអភិវឌ្ឍន៍ នៃវិស័យឧស្សាហកម្ម និងប្រព័ន្ធអេកូឡូស៊ី នៅទីតាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) ។
ក្នុងពិធីជួបជាមួយក្រុមយុវជនទាំងនោះ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបានជួយផងដែរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងកូរ៉េ ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ខណៈដែលកូរ៉េមានកំណត់ត្រាដ៏រឹងមាំ ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលអាចចែករំលែកនូវបទពិសោធន៍ និងជំនាញរបស់ខ្លួនជាមួយប្រទេសកម្ពុជា និងប្រទេសផ្សេងៗក្នុងតំបន់ ។
ឯកឧត្តមបានបន្តថា កិច្ចសហការរវាងកម្ពុជា-កូរ៉េនេះ នឹងអាចនាំទៅរកនវានុវត្តន៍ ដែលមានជាឧទាហរណ៍ខ្លះ នៃកិច្ចសហការ រួមមានជំនួយបច្ចេកទេស ការវិនិយោគបរទេស និងការអភិវឌ្ឍមូលធនមនុស្ស ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងជួយពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្នុងតំបន់ រួមទាំងជួយជំរុញទឹកចិត្តយុវជនឱ្យក្លាយជាអ្នកដឹកនាំ និងសហគ្រិនដែលអាចចូលរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់ និងកម្ពុជា ។
លោកបណ្ឌិត Joonho Song អ្នកជំនាញឧស្សាហកម្មអន្តរជាតិ និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ Hanyang លើកឡើងថា កម្មវិធីផ្លាស់ប្តូរយុវជនអាស៊ីប៉ាស៊ីហ្វិកនេះ គឺជាកម្មវិធីយុវជនក្នុងតំបន់ ដែលឆ្លើយតបទៅនឹងតម្រូវការជាសកល នៃការចូលរួមយ៉ាងសកម្មពីយុវជន ដែលជាគំនិតផ្តួចផ្តើមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ហើយកម្មវិធីនេះបានទទួលជោគជ័យចំនួន២២លើករួចមកហើយ នៅក្នុងប្រទេសចំនួន៥ នៅអាស៊ី ។
រីឯលោកសាស្រ្តាចារ្យ Hyoungmin Kim នាយកគ្រប់គ្រងផ្នែក Urban Youth Academy និងជាសាស្រ្តាចារ្យប្រឹក្សានៃសាកលវិទ្យាល័យ Hanyang ផ្នែកកម្មវិធីអភិវឌ្ឍន៍យុវជន បានឲ្យដឹងថា កម្មវិធីផ្លាស់ប្តូរយុវជនអាស៊ីប៉ាស៊ីហ្វិក-កម្ពុជា គឺជាវេទិកាមួយ សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំនាពេលអនាគត តាមរយៈការស្វែងយល់ សិក្សា និងនវានុវត្តន៍ ក្នុងវិស័យផ្សេងៗ ហើយជឿជាក់ថា កម្មវិធីនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់អ្នកចូលរួមជាយុវជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផលប្រយោជន៍ដល់អ្នកពាក់ព័ន្ធ ក្នុងវិស័យឧស្សាហកម្ម និងប្រទេសជាតិទាំងមូលផងដែរ ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះ គឺជាផ្នែកមួយនៃកម្មវិធីស្ដីពី “ការផ្លាស់ប្តូរយុវជនអាស៊ីប៉ាស៊ីហ្វិក” (ASIA PACIFIC YOUTH EXCHANGE) ដែលមានគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់យុវជនក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា ៕ អត្ថបទ ៖ បាន សុខរិទ្ធិ








