កេនយ៉ា ៖ ក្រុមអ្នកភូមិ Maasaiរាប់សិបនាក់ស្ថិតនៅក្នុងទីក្រុង Olgigiriស្រុក Kajiadoប្រទេសកេនយ៉ា បានវាយសម្លាប់ដំរីមួយក្បាល ក្រោយទទួលបានព័ត៌មានពីការវាយប្រហារបណ្តាលឲ្យក្មេងតូចម្នាក់ស្លាប់ដោយហ្វូងរបស់ពួកវា ។
ក្រុមអ្នកស្រុក និយាយថា ម្តាយ និងកូនអាយុ ៣ឆ្នាំរបស់គាត់ រងការវាយប្រហារដោយហ្វូងដំរី កាលពីរយៈពេល១ថ្ងៃមុន ។ កូនតូចរបស់គាត់ បានស្លាប់ ក្រោយដំរីមួយក្បាលជាន់ពីលើ ។
ក្រោយការវាយប្រហារនេះ ក្រុមមន្រ្តីមកពីសេវាកម្មសត្វព្រៃកេនយ៉ា បានអំពាវនាវឲ្យសហគមន៍ជួបជុំគ្នា ក្នុងគោលបំណងរំងាប់អារម្មណ៍របស់ពួកគេ និងស្វែងរកដំណោះស្រាយចំពោះភាពតានតឹងកំពុងកើតឡើងរវាងក្រុមអ្នកភូមិ និងសត្វព្រៃ ។
គួរឲ្យដឹងថា នេះមិនមែនជាការវាយប្រហារសម្លាប់មនុស្សលើកដំបូងនោះទេដោយសត្វព្រៃ ឬការសងសឹកពីសហគមន៍ភូមិ Maasai នៅតំបន់នោះ ។
លោក Mordecai Odagaគឺជាអ្នកវិភាគការអភិរក្សសត្វព្រៃនិយាយថា ឧបទ្ទេវហេតុចុងក្រោយនេះ បង្ហាញពីភាពតានតឹងកើនឡើងរវាងក្រុមអ្នកភូមិ និងសត្វព្រៃ ដោយសារតែបម្រែបម្រួលអាកាសធាតុ ដែលនាំតំបន់នោះលែងសូវមានស្មៅសម្រាប់សត្វព្រៃ ធ្វើឲ្យពួកវារុករានដល់តំបន់រស់នៅរបស់អ្នកភូមិ ។
លោកបន្តថា វាមិនមែនជារឿងថ្មីនោះទេ ប្រតិកម្មចំពោះធម្មជាតិ គឺជាប្រតិកម្មដែលគ្មានអ្វីថ្មីនោះទេ ៕
