ចិន ៖ ទិន្នន័យគយ បានបង្ហាញ នៅថ្ងៃអង្គារ (ទី៨ ខែសីហា) នេះ ថា ការនាំចេញរបស់ប្រទេសចិន បានធ្លាក់ចុះ ១៤,៥ភាគរយ នៅខែកក្កដា បើធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូល បានធ្លាក់ចុះ ១២,៤ភាគរយ ដែលនេះជាការធ្លាក់ចុះដ៏ធំបំផុតនៃការនាំចេញទៅក្រៅប្រទេសពីប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០។
បើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា សេដ្ឋវិទូ បានព្យាករថា ការនាំចេញធ្លាក់ចុះ ១២,៥ភាគរយ និងការនាំចូលធ្លាក់ចុះ ៥,០ភាគរយ។
សេដ្ឋកិច្ចរបស់ចិន បានកើនឡើងក្នុងល្បឿនដ៏យឺតបំផុត នៅត្រីមាសទី២ នេះ ខណៈដែលតម្រូវការធ្លាក់ចុះ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលការធ្លាក់ចុះនេះ បានជំរុញឲ្យមេដឹកនាំកំពូលសន្យាឲ្យមានគាំទ្រខាងគោលនយោបាយបន្ថែមទៀត នៅឯកិច្ចប្រជុំរបស់គណៈកម្មាធិការមជ្ឈិមបក្ស កាលពីខែមុន។
ការនាំចេញមិនល្អនេះ គឺជាសញ្ញាចុងក្រោយបង្អស់ ដែលកំណើនក្នុងត្រីមាសទី៣ អាចថយចុះបន្ថែមទៀត ដោយសកម្មភាពសំណង់ ការផលិត និងសេវាកម្ម ការវិនិយោគផ្ទាល់ពីបរទេស ហើយនិងប្រាក់ចំណេញផ្នែកឧស្សាហកម្ម ធ្លាក់ចុះទាំងអស់។
អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន បានកើនឡើងចំនួន ៨០,៦ពាន់លានដុល្លារ ដែលលើសពីការព្យាករណ៍ចំនួន ៧០,៦ពាន់លានដុល្លារ នៅក្នុងការស្ទង់មតិ៕

