អុីរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងតេអេរ៉ង់កាលពីថ្ងៃចន្ទ (ទី៧ ខែ សីហា) ថា វត្តមានយោធាអាមេរិកនៅមជ្ឈិមបូព៌ា កំពុងធ្វើឲ្យខូចសន្តិសុខ និងស្ថិរភាព ក្នុងតំបន់ ខណៈដែលអំពាវនាវឲ្យប្រទេស ក្នុងតំបន់ធានាសុវត្ថិភាពរបស់ឈូងសមុទ្រពែក្ស និងសមុទ្រអូម៉ង់ ដោយគ្មានការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ។
អ្នកនាំពាក្យលោក Nasser Kanaani បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងតេអេរ៉ងថា ការរក្សាសន្តិសុខនៃឈូងសមុទ្រពែក្ស និងសមុទ្រអូម៉ង់ គឺជាអាទិភាពមួយរបស់ប្រទេសអ៊ីរ៉ង់ ដោយអំពាវនាវឲ្យរដ្ឋអារ៉ាប់នៅក្នុងតំបន់រួមគ្នាកសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ។ លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ជឿថា ប្រទេសទាំងនេះ មានសមត្ថភាពធានាសុវត្ថិភាពនៃឈូងសមុទ្រ និងសមុទ្រអូម៉ង់ ដោយគ្មានការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅ។
អ្នកនាំពាក្យរូបនេះ បាននិយាយថា៖ «វត្តមានយោធារបស់សហរដ្ឋអាមេរិក ក្នុងតំបន់ មិនមែនមានគោលបំណងរក្សាសន្តិសុខនោះទេ។ ផ្ទុយទៅវិញ គោលបំណងរបស់ពួកគេ តែងតែធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងៗនូវអសន្តិសុខ និងអស្ថិរភាព។ ដូច្នេះហើយ ជំហររបស់អ៊ីរ៉ង់ គឺច្បាស់ណាស់ថា យើងជឿជាក់លើសមត្ថភាពរបស់ប្រទេសឈូងសមុទ្រ ក្នុងការផ្តល់សន្តិសុខសម្រាប់ខ្លួនពួកគេផ្ទាល់ និងការរៀបចំគំរូសន្តិសុខសមូហភាព ដោយមិនមានវត្តមានកងទ័ពបរទេស»។
សហរដ្ឋអាមេរិក កំពុងពង្រីកវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំងក្លា នៅក្នុងឈូងសមុទ្រពែក្ស ដែលជាសកម្មភាពយុទ្ធសាស្ត្រមួយ ក្នុងការឆ្លើយតបទៅនឹងកម្មវិធីនុយក្លេអ៊ែរដែលកំពុងរីកចម្រើនខ្លាំងរបស់អ៊ីរ៉ង់ និងអ្វីដែលខ្លួនមើលឃើញថា ជាសកម្មភាពឈ្លានពាន នាពេលថ្មីៗនេះ៕

