ប៉េរ៉ូ ៖ ទោះបីជាប្រទេសប៉េរូ ស្ថិតនៅកណ្តាលរដូវរងារក៏ដោយ សីតុណ្ហភាពខ្ពស់ខុសពីធម្មតាពាក់ព័ន្ធនឹងបាតុភូតតំបន់ឆ្នេរ El Nino(អែល នីញ៉ូ)បានជំរុញឲ្យប្រជាពលរដ្ឋប៉េរូ ធ្វើដំណើរចេញពីទីក្រុងរបស់ខ្លួន ដើម្បីរកកន្លែងរំសាយអារម្មណ៍ពីរលកកម្តៅ នៅតំបន់ឆ្នេរសមុទ្រទីក្រុង Lima នាដើមខែសីហានេះ ។
លោក Yuri Escajadilloគឺជាអ្នកជំនាញនៅសេវាកម្មឧតុនិយម និងជលសាស្រ្តជាតិប៉េរូ (SENAMHI)និយាយថា ធៀបនឹងកាលពីឆ្នាំ ២០២២ នៅក្នុងឆ្នាំ ២០២៣នេះ សីតុណ្ហភាពបានកើនឡើងពី ៣អង្សាសេ ដល់ ៤អង្សាសេ ពីលើកម្រិតមធ្យមនៅតាមតំបន់ឆ្នេរ គឺជាផលប៉ះពាល់មួយបណ្តាលមកពីបាតុភុតតំបន់ឆ្នេរ អែល នីញ៉ូ។
គួរឲ្យដឹងថា បាតុភូតតំបន់ឆ្នេរ អែល នីញ៉ូត្រូវបានគេផ្តល់និយមន័យថាជាការឡើងកម្តៅសមុទ្រ ធ្វើឲ្យសីតុណ្ហភាពផ្ទៃសមុទ្រឡើងលើសកម្រិតធម្មតា អស់រយៈពេលជាច្រើនខែមកហើយនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ជិតតំបន់ឆ្នេភាគខាងជើងប្រទេសប៉េរូ និងប្រទេសអេក្វាឌ័រ ។
យោងតាមការអះអាងរបស់លោក Escajadilloបានឲ្យដឹងថា សីតុណ្ហភាពពីលើ ២៧អង្សាសេ បានរកឃើញនៅក្នុងទីក្រុង Limaកាលពីថ្ងៃទី ៤ខែកក្កដាកន្លងទៅ ពោលគឺបានបំបែកកំណត់ត្រាចាស់សម្រាប់រដូវរងារ ។
សេវាកម្ម SENAMHIរាយការណ៍ថា អំឡុងខែសីហានេះ សីតុណ្ហភាពខ្ពស់ នឹងកើតមាននៅទូទាំងទីក្រុង Lima ៕

