ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទទីតាំង ៤កន្លែងស្ថិតក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ បន្ទាប់ពីបានរកឃើញការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩នៅទីតាំងទាំងនោះ។
ក្នុងលិខិត៤ដាច់ដែលត្រូវបានផ្ញើទៅម្ចាស់ទីតាំង ៤ដោយឡែកពីគ្នា រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍នូវដំណើរការសាងសង់អគារវឌ្ឍនៈ ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៤ នៃក្រុងព្រះសីហនុ។
រដ្ឋបាលខេត្តនេះ ក៏បានសម្រេចយកការដ្ឋានសំណង់អគារមួយនេះ ធ្វើជាមណ្ឌលចត្តាឡីស័កផងដែរចាប់ពីថ្ងៃនេះរហូតដល់ខែក្រោយ បន្ទាប់ពីបានរកឃើញកម្មករ និងក្រុមជាងនៅការដ្ឋានសំណង់មួយនេះ ឆ្លងមេរោគកូវីដ-១៩។
នៅឯភូមិ៣ឯណោះវិញ រដ្ឋបាលខេត្តព្រះសីហនុក៏បានសម្រេចបិទម្ចាស់អគារជួលមួយកន្លែងទៀតរយៈពេល ១៤ថ្ងៃហើយបានយកទីតាំងធ្វើជាមណ្ឌលចត្តាឡីស័កផងដែរ បន្ទាប់ពីបានរកឃើញករណីឆ្លងមេរោគកូវីដ-១៩នៅទីតាំងនេះ។
ចំណែកឯហាងអាហាររបស់ជនជាតិចិនមួយកន្លែងស្ថិតក្នុងភូមិ២ សង្កាត់លេខ២ នៃក្រុងព្រះសីហនុត្រូវបានរដ្ឋបាលខេត្តព្រះសីហនុប្រាប់ឱ្យផ្អាកជាបណ្ដោះដែរ ហើយយកធ្វើជាមណ្ឌលចត្តាឡីស័ក ក្រោយពីរកឃើញបុគ្គលបម្រើការនៅហាងអាហារមួយនេះបានឆ្លងមេរោគកូវីដ-១៩។
នៅឯតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅក្នុងស្រុកព្រៃនប់ឯណោះវិញ រដ្ឋបាលខេត្តនេះ បានសម្រេចផ្អាកដំណើរការរបស់រោងចក្រផលិតឱសថមួយរយៈពេល ២ថ្ងៃ នៅថ្ងៃទី២២ និងថ្ងៃទី២៤ ខែឧសភានេះ។
រដ្ឋបាលខេត្តបញ្ជាក់ថា វិធានការនេះគឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បន្ទាប់ពីបានរកឃើញកម្មករបម្រើការនៅទីនោះ ឆ្លងមេរោគកូវីដ-១៩៕អត្ថបទ ៖ សុធី