
ភាគច្រើននៃតំបន់ភាគខាងកើតសហរដ្ឋអាមេរិក ត្រូវបានវាយប្រហារដោយព្យុះដ៏ខ្លាំង កាលពីថ្ងៃចន្ទ (ថ្ងៃទី៧ ខែសីហា) ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់ បានស្លាប់ រាប់រយរាប់ពាន់នាក់ គ្មានអគ្គិសនីប្រើប្រាស់ ហើយជើងហោះហើររាប់ពាន់ ត្រូវបានលុបចោល ឬពន្យារពេល។
មនុស្សរាប់លាននាក់ ស្ថិតនៅក្រោមការជូនដំណឹងអំពីអាកាសធាតុធ្ងន់ធ្ងរ ក្នុងនោះរួមទាំងការប្រុងប្រយ័ត្នខ្យល់ព្យុះកួច ខណៈដែលភ្លៀង ខ្យល់បក់ខ្លាំង និងព្រិល បានវាយលុកភាគខាងកើតតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតស្ទើរតែទាំងស្រុង ចាប់ពីរដ្ឋអាឡាបាម៉ា (Alabama) រហូតដល់ទីក្រុងញូវយ៉ក (New York)។
សេវាអាកាសធាតុជាតិ (NWS) បានព្យាករពី «ហានិភ័យកម្រិតមធ្យម» នៃព្យុះដែលបង្កគ្រោះថ្នាក់ ដោយល្បឿនខ្យល់បក់ឡើងរហូតដល់ ១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ សេវាអាកាសធាតុជាតិ នៅទីក្រុងបាល់ទីម័រ (Baltimore) និងវ៉ាស៊ីនតោន បានឲ្យដឹងនៅលើបណ្ដាញសង្គម កាលពីព្រឹកមិញថា «សូមបន្តតាមដានដំណឹងអំពីអាកាសធាតុ ហើយត្រូវប្រាកដថា អ្នកទាំងអស់គ្នា មានវិធីច្រើន ដើម្បីទទួលបានការព្រមានពីអាកាសធាតុ»។
ស្ថានីយ៍ទូរទស្សន៍ ABC ក្នុងតំបន់ បានផ្សព្វផ្សាយថា នៅទីរដ្ឋអាឡាបាម៉ា បុរសវ័យ ២៨ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីត្រូវបានរន្ទះបាញ់ នៅក្នុងចំណតរថយន្តសួនឧស្សាហកម្ម។ ហើយយោងតាមស្ថានីយ៍ទូរទស្សន៍ CBS ក្នុងតំបន់ បានឲ្យដឹងថា នៅរដ្ឋ South Carolina ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ ត្រូវបានសម្លាប់នៅពេលដែលរូបគេត្រូវបានដើមឈើរលំលើ នៅខាងក្រៅផ្ទះយាយតារបស់គេ។
បើយោងតាមគេហទំព័រតាមដាន PowerOutage.us បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ អតិថិជនជិត ៦០០.០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់ នៅតាមបណ្តោយឆ្នេរខាងកើត ចាប់ពីរដ្ឋ Pennsylvania( ផេនស៊ីលវ៉េនៀ) ដល់រដ្ឋចចជៀ (Georgia) ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងទីភ្នាក់ងាររដ្ឋបាលក្នុងរដ្ឋ Maryland បានចេញផ្សាយរូបភាពនៃខ្សែភ្លើង ដែលដាច់ធ្លាក់នៅរប៉ាត់រប៉ាយពេញផ្លូវ និងដើមឈើដែលដួលរលំលើផ្ទះ និងកាត់លើផ្លូវនានា ហើយនិងផ្លូវរថភ្លើង។
គេហទំព័រ FlightAware បានផ្សព្វផ្សាយថា ជើងហោះហើរ នៅសហរដ្ឋអាមេរិកជាង ១.៧០០ជើង ត្រូវបានលុបចោល កាលពីថ្ងៃចន្ទ ហើយច្រើនជាង ៨.០០០ជើង ត្រូវបានពន្យារពេល ខណៈដែលអាកាសធាតុធ្ងន់ធ្ងរ បានកើតមានឡើង៕