
កម្ដៅដ៏ហួតហែង នៅរដូវក្តៅ កំពុងធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗ នៅប្រទេសយ៉េម៉ែន ជាទីដែលមនុស្សមួយចំនួន ក្នុងចំណោមក្រុមអ្នកងាយរងគ្រោះបំផុត បានប្រឹងតស៊ូដើម្បីរស់ទាំងត្រដាបត្រដួសរួចទៅហើយ ក្នុងពេលដែលមានសង្រ្គាមស៊ីវិល រយៈពេលជាច្រើនឆ្នាំមកនេះ។
ការប្រយុទ្ធគ្នានៅយ៉េម៉ែន បានធ្វើឲ្យមនុស្សរាប់លាននាក់ ត្រូវកា្លយជាជនភៀសខ្លួន ក្នុងប្រទេសខ្លួនឯង។ គ្រួសាររបស់លោក Hamdi Afif គឺជាគ្រួសារមួយ ក្នុងចំណោមជនភៀសខ្លួនទាំងនោះ។ ពួកគេបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅក្នុងខេត្ត Al-Hudaydah ភាគខាងលិច ហើយឥឡូវនេះកំពុងរស់ នៅក្នុងតង់នៅជាយក្រុង Aden ភាគខាងត្បូងប្រទេសយេម៉ែន។ ដោយសារតង់មិនមានតភ្ជាប់អគ្គិសនីប្រើប្រាស់ ដូច្នេះ កម្ដៅរដូវក្តៅ ៤៥អង្សារសេ ធ្វើឲ្យពួកគេរងទុក្ខលំបាកយ៉ាងខ្លាំង។
ក្នុងស្ថានភាពលំបាកបែបនេះ មធ្យោបាយតែមួយគត់សម្រាប់ពួកគេ ក្នុងការរក្សាភាពត្រជាក់ គឺត្រូវចាក់ទឹកលើខ្លួនប្រាណរបស់ពួកគេរឿយៗ។ លោក Hamdi បាននិយាយថា៖ «យើងចាក់ទឹកលើរាងកាយ និងសំលៀកបំពាក់របស់យើង ដើម្បីធ្វើឲ្យយើងមានអារម្មណ៍ត្រជាក់បន្តិច។ បើមិនដូច្នេះទេ កម្ដៅនឹងធ្វើឲ្យយើងវង្វែងវង្វាន់មិនខាន»។
រលកកម្តៅនេះ ក៏កំពុងធ្វើឲ្យប្រព័ន្ធវេជ្ជសាស្ត្រដ៏ផុយស្រួយរបស់ប្រទេសជួបការលំបាកផងដែរ ដោយសារសីតុណ្ហភាពក្តៅ បានបណ្តាលឲ្យមានអ្នកជំងឺការកើនឡើង។ មានមនុស្សជាង ៥.០០០នាក់ ដែលមានជំងឺខ្សោយតម្រងនោម នៅយ៉េម៉ែន ដែលទាមទារឲ្យមានការលាងឈាមប្រចាំសប្តាហ៍។ អ្នកជំងឺដែលខ្សោយតម្រងនោម ជាធម្មតាងាយ នឹងរងការឈឺចាប់ដោយសារសីតុណ្ហភាពឡើងខ្ពស់ ហើយកម្ដៅក្ដៅខ្លាំង ក្នុងរដូវក្តៅនេះ បានបន្ថែមការឈឺចាប់ដល់ពួកគេ ដោយមិនមានអ្វីត្រូវសង្ស័យនោះឡើយ៕