
នគរបាលបាននិយាយ នៅថ្ងៃអង្គារ (ទី៨ ខែសីហា) នេះ ថា យ៉ាងហោចណាស់អ្នកគាំទ្រម្នាក់ បានស្លាប់បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ អំឡុងពេលមានអំពើហិង្សា ក្នុងចំណោមអ្នកគាំទ្រក្លិបបាល់ទាត់ AEK Athens (AEK) របស់ក្រិក និង Dinamo Zagreb របស់ក្រូអាត ក្នុងទីក្រុងអាតែន ប្រទេសក្រិក។
មន្ត្រីនគរបាលបាននិយាយថា បុរសវ័យ ២៩ឆ្នាំរូបនេះ ត្រូវបានចាក់ជាច្រើនដង ពេលមានការប៉ះទង្គិចគ្នាក្នុងចំណោមអ្នកគាំទ្រក្លិបបាល់ទាត់ទាំងពីរ នៅខាងក្រៅទីលានបាល់ទាត់របស់ក្រុម AEK ក្នុងទីក្រុង Nea Philadelphia កាលពីល្ងាចថ្ងៃចន្ទ។
នគរបាលបានប្រាប់ថា អ្នកគាំទ្ររបស់ក្រុម Dinamo Zagreb ចំនួនពី ១០០ ទៅ ១២០នាក់ បានបង្ហាញខ្លួន កាលពីល្ងាចថ្ងៃចន្ទ នៅជិតកីឡដ្ឋានរបស់ក្លិប AEK និងកន្លែងដែលអ្នកគាំទ្រក្រុម AEK បានប្រមូលផ្តុំគ្នា។ នគរបាលបាននិយាយថា ការប៉ះទង្គិចគ្នា បានផ្ទុះឡើងជាងមួយម៉ោង បន្ទាប់ពីការហាត់សមរបស់ក្រុមភ្ញៀវបានបញ្ចប់ និងចាកចេញពីកីឡដ្ឋាន ដោយអ្នកគាំទ្ររបស់ក្រុមទាំង២ បានគប់ដុំភ្លើង រំសេវផ្ទុះ និងដុំថ្មដាក់គ្នា។
មន្ត្រីនគរបាលបានបន្ថែមថា អ្នកគាំទ្រជនជាតិក្រិក ៣នាក់ និងក្រូអាត ៥នាក់ ក៏បានរងរបួសផងដែរ ហើយកំពុងត្រូវបានព្យាបាល ហើយមនុស្ស ៩៨នាក់ ត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងអំពើហិង្សានេះ។
ជាមួយគ្នានេះ អ្នកនាំពាក្យនគរបាលក្រិក បានបញ្ជាក់បន្ថែមថាថា ការប្រកួតវគ្គជម្រុះ ក្នុងកម្មវិធី UEFA Champions League រវាងក្រុមម្ចាស់ផ្ទះ AEK និងក្រុមភ្ញៀវ Dinamo Zagreb ដែលគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន AEK នៅថ្ងៃអង្គារនេះ ត្រូវបានផ្អាក៕