ភ្នំពេញ៖ វិស័យឯកជន និងសប្បុរសជនចំនួន ០៩ទៀត បានចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការងារចាក់វ៉ាក់សាំង និងការទប់ស្កាត់ជំងឺកូវីដ-១៩នៅកម្ពុជា ក្រោមការសម្របសម្រួលរបស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ តាមរយៈ លោក សាឡា អេអ៊ីសា ដោយប្រគល់សម្ភារចាំបាច់មួយចំនួន ជូនលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាល។
សម្ភារដែលត្រូវប្រគល់ជូននោះ រួមមាន៖ សម្លៀកបំពាក់ពេទ្យ(PPE), ឧបករណ៍វាស់សម្ពាធឈាម, ម៉ាស៊ីនស្កេនកម្ដៅ, កុំព្យូទ័រ, ស្រោមដៃ, ស្រោមជើង, វ៉ែនតាសុវត្ថិភាព, មួកការពារ, របាំងមុខ, ម៉ាស់, អាលកុល, ជែលសរុបថវិកាប្រមាណ ៥ម៉ឺនដុល្លារអាមេរិក។
វិស័យឯកជន និងសប្បុរសជនទាំង ០៩ រួមមាន៖ទី១៖ H.E SALAH A ESSA ទី២៖ MANHATTAN SPECIAL ECONOMIC ZONE & MEDTECS GROUP ទី៣៖ HONG LEONG BANK CAMBODIAទី៤៖ MITSUBISHI CORPORATION ទី៥៖ INTERNATIONAL BUSINESS CHAMBER OF CAMBODIAទី៦៖ GIGA SPECIAL ECONOMIC & BAVET SQUAREទី៧៖ CAMBODIA INVESMENT MANAGEMENT TAX SERVICE *ទី៨៖ TILLEKE & GIBBINS (CAMBODIA) LTDទី៩៖ MR. ANTREW TEY។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា នេះជាលើកទី២ ក្រោមការសម្របសម្រួលរបស់ឯកឧត្តម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ លោក សាឡា អេអ៊ីសា ដែលបាននាំមកនូវសម្ភារប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រើប្រាស់ក្នុងការងារចាក់វ៉ាក់សាំង និងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលជំងឺកូវីដនៅកម្ពុជា ក្នុងនោះលើកទី១ មានអ្នកវិនិយោគបរទេស និងសប្បុរសជនចំនួន ១៤ បានប្រគល់ជូនកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ គិតជាទឹកប្រាក់ប្រមាណ ៣០ ម៉ឺនដុល្លារ ដែលជំនួយសប្បុរសធម៌នេះ នឹងមកដល់ជាបន្តបន្ទាប់ទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ និងទឹកចិត្តសាមគ្គីគ្នា ក្នុងការចូលរួមចំណែកពីសំណាក់ក្រុមធុរកិច្ចទាំងអស់ និងសប្បុរសជននានា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា សំដៅឱ្យដំណើរការងារចាក់វ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ បានប្រព្រឹត្តទៅដោយជោគជ័យ។
ជាងនេះទៅទៀត ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការពលីគ្រប់បែបរបស់ក្រុមគ្រូពេទ្យ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញបេសកកម្មការងារដ៏មានតម្លៃ និងសកម្មបំផុត ក្នុងការជួយសង្គ្រោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ព្រមទាំងបានជួយជ្រោមជ្រែងដល់ការអនុវត្តនូវវិធានការការពារទប់ស្កាត់ និងការឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩៕ អត្ថបទ៖ ដាវណ្ណ