ក្លិបបាល់ទាត់សារិកាព្រៃ Newcastle បានសំរេចក្នុងការនាំយកខ្សែការពារ Southampton, Tino Livramento ក្នុងតម្លៃ ៤០ លានផោន។
កីឡាករវ័យ ២០ ឆ្នាំអង់គ្លេសរូបនេះ បានចុះហត្ថលេខារយៈពេល ៥ ឆ្នាំនៅកីឡដ្ឋាន St. James Park។
Tino Livramento បានផ្លាស់ពី Chelsea ទៅកាន់ Southampton កាលពីឆ្នាំ ២០២១ ក្នុងតម្លៃ ៥ លានផោន។

កីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំរូបនេះបង្ហាញខ្លួនបានត្រឹម ២ លើកប៉ុណ្ណោះរដូវកាលមុនជាមួយ Southampton ដោយសាររបួសធ្ងន់កាលពីខែមេសាឆ្នាំមុន ពោលគឺ ២ ប្រកួតដែលចូលលេងគឺចុងរដូវកាលទៅហើយ និងជាកីឡាករបម្រុងផ្លាស់ប្តូរចូល ស្របពេល Southampton ធ្លាក់ទៅកាន់ក្របខណ្ឌ League Championship។
កាលពីរដូវកាល ២០២១-២២ Livramento បង្ហាញខ្លួនបាន ៣២ ប្រកួតឱ្យ Southampton ក្នុងនោះ ២៨ ប្រកួតនៅ Premier League។
Tino Livramento នឹងក្លាយជាកីឡាករទី ៣ ដែលផ្លាស់មកកាន់ Newcastle រដូវក្តៅនេះបន្ទាប់ពី Sandro Tonali ពី AC Milan និង Harvey Barnes ពី Leicester City។
ក្រុមរបស់លោក Eddie Howe នឹងចាប់ផ្តើមរដូវកាលថ្មី English Premier League នៅថ្ងៃទី ១២ ខែសីហានេះទទួលស្វាគមន៍ Aston Villa៕ អត្ថបទ៖នាង សុភាវុធ
