ភ្នំពេញ៖ កម្ពុជាកំពុងមានមោទនភាព នៃការស្រូបយកឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលវិស័យនេះដំណើការខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងប្រទេសយ៉ាងផុលផុស និងបានកំពុងពង្រីកខ្លួនកាន់ធំនៅក្នុងសេដ្ឋកិច្ច។
អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យនេះគឺជាផ្នែកមួយនៅក្នុងចង្កោមវិស័យឧស្សាហកម្ម បច្ចុប្បន្នបានកំពុងដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០២៣នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ស្មានថា នឹងបន្តកំណើនក្នុងអត្រាប្រមាណ ១១,៧% ដោយសារការរំពឹងទុកភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ស្របពេលដែលផលិត កម្មបម្រើឱ្យទីផ្សារក្នុងស្រុកក៏មាននិន្នាការកើនឡើង, ជាក់ស្តែងក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៣, ការនាំចេញផលិតផលកម្មសាលមិនមែនកាត់ដេរបានកើនឡើងប្រមាណ ២២,៧%។
ជុំវិញវិស័យនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា កម្ពុជាពិតជាត្រូវការខ្សែច្រវ៉ាក់ផលិតកម្ម នៃកម្មន្តសាលមិនមែនកាត់ដេរ ព្រោះកម្ពុជាមិនអាចពឹងផ្អែកលើវិស័យឧស្សាហកម្មកាត់ដេរ និងវិស័យកសិកម្មតែប៉ុណ្ណោះនោះឡើយ។ វិស័យឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរ បានកំពុងស្រូបយកធនធានជំនាញ និងបច្ចេកវិទ្យា ជាពិសេសបានផ្តល់នូវតម្លៃបន្ថែមខ្ពស់ ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជួយរុញកំណើនសេដ្ឋកិច្ច។
សូមបញ្ជាក់ថា តាមការវាយតម្លៃរយៈពេល ៦ខែ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា នឹងបន្តកំណើនក្នុងអត្រាប្រមាណ ១១,៧% ដោយសារការរំពឹងទុកភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ស្របពេលដែលផលិតកម្មបម្រើឱ្យទីផ្សារក្នុងស្រុកក៏មាននិន្នាការកើនឡើង ខណៈដែលវិស័យកាត់ដេរ ត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបានត្រឹមតែកំណើន៤,០%,៕អត្ថបទ៖ សុន រ៉ាឌី