ព្រឹត្តិការណ៍កីឡានិស្សិតសាកលវិទ្យាល័យពិភពលោក World University Games លើកទី ៣១ ដែលរៀបចំនៅទីក្រុងឆឹងទូប្រទេសចិន បានបិទបញ្ចប់ជាផ្លូវការប្រកបដោយភាពជោគជ័យ។
ទង់សហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ FISU ត្រូវបានបង្ហូតចុះ និងប្រគល់ជូនម្ចាស់ផ្ទះបន្ទាប់នៅឆ្នាំ២០២៥ ទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់។
តាមពិតទៅទីក្រុងឆឹងទូគ្រោងរៀបចំព្រឹត្តិការណ៍កីឡាពីរឆ្នាំម្តងនេះកាលពីឆ្នាំ ២០២១ តែក៏ត្រូវពន្យាពេល ២ ឆ្នាំ ដោយសារវិបត្តិ Covid-19។
ក្រុមម្ចាស់ផ្ទះចិនបញ្ចប់ដោយភាពជោគជ័យត្រចះត្រចង់ ពោលគឺឈ្នះដាច់ក្នុងតារាងមេដាយសរុបដោយមានមេដាយមាស ១០៣ គ្រឿង មេដាយប្រាក់ ៤០ គ្រឿង និងមេដាយសំរិទ្ធ ៣៥ សរុប ១៧៨ គ្រឿង។
ជប៉ុនឈរលេខ ២ មានមេដាយមាសសរុបត្រឹម ២១ គ្រឿង និងសរុប ៩៣ គ្រឿង ខណៈកូរ៉េឈរលេខ ៣ មានមេដាយមាស ១៨ គ្រឿង និងសរុប ៥៨ គ្រឿង៕ អត្ថបទ៖នាង សុភាវុធ





