អាមេរិកខាងត្បូង៖ ប្រទេសចំនួន៨នៅអាមេរិកខាងត្បូង បានយល់ព្រមចាប់ផ្តើមបង្កើតសម្ព័ន្ធភាព ដើម្បីការពារព្រៃអាម៉ាហ្សូន (Amazon) ដោយសន្យានៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសប្រេស៊ីល ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃជប់ភ្លៀងដ៏ធំបំផុតរបស់ពិភពលោកកុំឲ្យការឈានដល់«ចំណុចនៃគ្មានការវិលត្រឡប់មកវិញ»។
ក្រុមមេដឹកនាំមកពីបណ្តាប្រទេសនៅអាមេរិកខាងត្បូង ក៏បានជំរុញបណ្តាប្រទេសអភិវឌ្ឍន៍ឲ្យធ្វើការបន្ថែមទៀត ដើម្បីបញ្ឈប់ការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរនៃព្រៃជប់ភ្លៀងដ៏ធំបំផុតរបស់ពិភពលោក ដែលជាកិច្ចការដែលពួកគេបាននិយាយថា មិនអាចធ្លាក់ដល់ប្រទេសមួយចំនួន នៅពេលដែលវិបត្តិ ត្រូវបានបង្កឡើងដោយមនុស្សជាច្រើននោះ។
កិច្ចប្រជុំកំពូលដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់របស់អង្គការសន្ធិសញ្ញាសហប្រតិបត្តិការអាម៉ាហ្សូន (ACTO)បានអនុម័តកាលពីថ្ងៃអង្គារនូវអ្វីដែលប្រទេសម្ចាស់ផ្ទះប្រេស៊ីលហៅថា ជារបៀបវារៈចែករំលែកថ្មី និងប្រកបដោយមហិច្ឆតា ដើម្បីជួយសង្គ្រោះព្រៃទឹកភ្លៀង ដែលជាឧបសគ្គដ៏សំខាន់ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដែលអ្នកជំនាញព្រមានថា កំពុងត្រូវបានរុញច្រានឲ្យធ្លាក់ទៅដល់ស្ថានភាពគ្រោះថ្នាក់ ។
សមាជិករបស់ក្រុមនេះ មានប្រទេសបូលីវី ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាណា ប៉េរូ ស៊ូរីណាម និងវ៉េណេហ្ស៊ុ អេឡា បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយនៅទីក្រុងបេឡឹម ស្ថិតនៅមាត់ទន្លេអាម៉ាហ្សូន ដោយដាក់ចេញនូវផែនទីបង្ហាញផ្លូវជិត ១០.000 ពាក្យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលត្រូវបានរៀបចំ ដែលជំរុញឲ្យវាកើតឡើងនោះ៕


