អន្តរជាតិ៖ ក្រុមអ្នកតំណាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានចោទប្រកាន់គ្នាទៅវិញទៅមក ពីសិទ្ធិស្វ័យការពារ ក្នុងជម្លោះរយៈពេល១១ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់ អំឡុងការជជែកដេញដោលពិសេសអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ មុនពេលបទឈប់បាញ់ចូលជាធរមាន។
ថ្លែងមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក រីអាដ អាល់ ម៉ាល់គី បានថ្កោលទោសការវាយប្រហាររបស់យោធាអ៊ីស្រាអែល មកលើជនប៉ាឡេស្ទីន នៅក្នុងតំបន់កាន់កាប់ ហ្គាហ្សាស្ទ្រីប និងបានចោទសួរពីភាពស្របច្បាប់របស់ខ្លួនក្នុងការស្វ័យការពារ ក៏ដូចជាមហាអំណាចអាណានិគម និងមូលហេតុឫសគល់នៃអំពើហិង្សា។
លោកអាល់ ម៉ាល់គី បាននិយាយថា ចំពោះអ្នកដែលនិយាយថា អ៊ីស្រាអែល មានសិទ្ធិការពារខ្លួន តើសិទ្ធិអ្វីដែលពួកគេ និយាយឲ្យពិតប្រាកដ? អ៊ីស្រាអែល គឺជាមហាអំណាចអនាគម។ ពួកគេកាន់កាប់ទឹកដីរបស់ពួកយើង។ ពួកគេកាត់ទោសពលរដ្ឋរបស់ពួកយើង។ អ៊ីស្រាអែល នឹងសួរអ្នកថាតើអ្នកនឹងធ្វើអ្វី បើសិនជាមីស៊ីល វាយប្រហារមកលើទីក្រុងរបស់ពួកយើង។ ប៉ុន្តែ អ៊ីស្រាអែលភ្លេចគិតថា ការកាន់កាប់នេះហើយ គឺជាមូលហេតុឫសគល់ បណ្តាលឲ្យផ្ទុះអំពើហិង្សានេះឡើង។
លោកអាល់ ម៉ាល់គី បានជំរុញផងដែរឲ្យសហគមន៍អន្តរជាតិ បញ្ឈប់ការអង្គុយបិទភ្នែកម្ខាង មើលការប្រល័យពូជសាសន៍គ្រួសារប៉ាឡេស្ទីន និងឈរខាងសាមគ្គីភាព ដើម្បីជួយដល់ជនប៉ាឡេស្ទីន ដែលអាយុជីវិតរបស់ពួកគេ រងការគំរាមកំហែង។
ខណៈពេលនោះដែរ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិ លោកហ្គីឡាដ អ៊ឺដាន ដែលបាននិយាយនៅក្នុងជំនួបតែមួយនេះ បានច្រានចោលការចោទប្រកាន់របស់អ្នកតំណាងប៉ាឡេស្ទីន ដោយលោកបានលើកឡើងថា អ៊ីស្រាអែល មានគោលដៅវាយប្រហារមកលើតែក្រុមជីវពលហាម៉ាស់មួយប៉ុណ្ណោះ៕ អត្ថបទ៖ សារ៉ាត់