ប្រេស៊ីល៖ ជនជាតិដើមភាគតិចបានដើរដង្ហែតាមដងផ្លូវក្នុងទីក្រុងបេឡេម ប្រទេសប្រេស៊ីល ដើម្បីតវ៉ា ខណៈដែលបណ្ដាមេដឹកនាំនៃក្រុមប្រទេសតំបន់ព្រៃអាម៉ាហ្សូន ចំនួនប្រាំបី បានជួបប្រជុំគ្នានៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលអាម៉ាហ្សូន កាលពីថ្ងៃអង្គារ (៨ សីហា)។
ក្រុមបាតុករបានដើរដង្ហែតាមដងផ្លូវដោយគ្រវីទង់ជាតិ និងស្រែកពាក្យស្លោកប្រឆាំងនឹងការជីកយករ៉ែ ការខួងយកប្រេង និងអ្វីដែលពួកគេហៅថា "គម្រោងជីកយកធនធានធម្មជាតិ" នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន ដោយកាន់ផ្លាកសញ្ញាទាមទារការការពារទឹកដីរបស់ពួកគេ។

ក្រុមប្រទេសតំបន់ព្រៃអាម៉ាហ្សូនទាំងប្រាំបីត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងការខ្វែងគំនិតគ្នាជុំវិញសំណើទប់ស្កាត់ការខួងយកប្រេងថ្មី និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ នៅពេលដែលពួកគេជួបគ្នាសម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេក្នុងរយៈពេល១៤ឆ្នាំនោះ។
កិច្ចប្រជុំរបស់អង្គការសន្ធិសញ្ញាសហប្រតិបត្តិការព្រៃអាម៉ាហ្សូន (ACTO) ប្រមូលផ្តុំប្រមុខរដ្ឋមកពីប្រទេសបូលីវី ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាណា ប៉េរូ ស៊ូរីណាម និងវេណេហ្ស៊ុយអេឡា រយៈពេលពីរថ្ងៃនៅទីក្រុងបេឡេមភាគខាងជើងនៃប្រទេសប្រេស៊ីល។
ពួកគេមានបំណងបង្កើតគោលនយោបាយ គោលដៅ និងមុខតំណែងបង្រួបបង្រួមក្នុងការចរចាអន្តរជាតិលើបញ្ហាចំនួន១៣០ករណី រាប់ចាប់ពីការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរហូតដល់ការដាក់បញ្ចូលជនជាតិដើមភាគតិចផងដែរ៕
