អ៊ុយក្រែន៖ យោងតាមឈ្មួញអាវុធដែលបានធ្វើកិច្ចព្រមព្រៀងកាលពីថ្ងៃអង្គារ ទី៨ ខែសីហា បានឲ្យដឹងថា រថក្រោះឡេភឺតជំនាន់ទី១(Leopard 1) ដែលប្រើប្រាស់រួចរាប់សិបគ្រឿង ដែលនៅពេលនោះធ្លាប់ជាកម្មសិទ្ធិរបស់ប្រទេសបែលហ្សិក ត្រូវបានទិញដោយប្រទេសអ៊ឺរ៉ុបមួយផ្សេងទៀតសម្រាប់ផ្តល់ឲ្យកងកម្លាំងអ៊ុយក្រែន ប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ។
លោក Freddy Versluys នាយកប្រតិបត្តិនៃក្រុមហ៊ុនការពារជាតិ OIP Land Systems បានទិញរថក្រោះផលិតនៅអាល្លឺម៉ង់ពីរដ្ឋាភិបាលប្រទេសបែលហ្ស៊ិកកាលពីជាងប្រាំឆ្នាំមុន។ លោកបានប្រាប់សារព័ត៌មាន Reuters ថាបច្ចុប្បន្ននេះលោកបានលក់រថក្រោះទាំង៥០ គ្រឿងទៅឲ្យរដ្ឋាភិបាលអឺរ៉ុបមួយផ្សេងទៀត ដែលលោកពុំអាចបញ្ចេញឈ្មោះនោះទេ ដោយសារមានខសន្យាសម្ងាត់។ លោកនិយាយថា លោកក៏មិនអាចបង្ហាញពីតម្លៃបានដែរ។
សារព័ត៌មាន Handelsblatt( ហែបដលស្ព្លែត) របស់អាល្លឺម៉ង់ បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថាក្រុមហ៊ុនផលិត អាវុធ Rheinmetall ( រ៉ាញម៉ែតតាល់) បានទទួលរថក្រោះហើយនឹងរៀបចំរថក្រោះភាគច្រើនសម្រាប់ការនាំចេញទៅកាន់ប្រទេសអ៊ុយក្រែន។
ក្រុមហ៊ុនបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ រថក្រោះ Leopard ជំនាន់ទី១ ត្រូវបានផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ Krauss-Maffei ដែលបានចាប់ផ្តើមនៅទសវត្សរ៍ឆ្នាំ ១៩៦០ ។ វាមានទម្ងន់ស្រាលជាងរថក្រោះ Leopard 2( ឡេភឺតជំនាន់ទី២) និងមានកាំភ្លើងធំប្រភេទផ្សេងគ្នា។ ម៉ូឌែលដែលលក់ដោយ លោក Versluys ត្រូវបានធ្វើឱ្យប្រសើរឡើងចុងក្រោយនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០៕

