UN៖ កាលពីថ្ងៃអង្គារ (៨ សីហា) បណ្ដារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យប្រទេសស៊ីរីគោរពតាមអនុសញ្ញាអាវុធគីមី បន្ទាប់ពីមន្ត្រីអង្គការសហប្រជាជាតិមួយរូបបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា មានកង្វះព័ត៌មានអំពីអាវុធគីមីរបស់ស៊ីរី។
លោក Adedeji Ebo អនុប្រធានតំណាងជាន់ខ្ពស់នៃការិយាល័យកិច្ចការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាថា ការប្រកាសរបស់ស៊ីរីដោយអនុលោមតាមអនុសញ្ញាអាវុធគីមី មិនអាចចាត់ទុកថាត្រឹមត្រូវ និងពេញលេញនោះឡើយ។
ការស៊ើបអង្កេតរួមគ្នារបស់អង្គការសហប្រជាជាតិ និងអង្គការសម្រាប់ការហាមឃាត់អាវុធគីមី (OPCW) បានកំណត់ថា រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់សារធាតុ សារីន (sarin) នៅក្នុងការវាយប្រហារកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ហើយក៏បានប្រើប្រាស់សារធាតុក្លរជាច្រើន ជាអាវុធផងដែរ។ បណ្ដាប្រទេសលោកខាងលិចបានអំពាវនាវឱ្យស៊ីរីបំផ្លាញឃ្លាំងអាវុធគីមីរបស់ខ្លួនចោល។
ប្រទេសស៊ីរី និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺប្រទេស រុស្ស៊ី ដែលផ្តល់ការគាំទ្រផ្នែកយោធាដល់កងកម្លាំងរបស់លោកប្រធានាធិបតី Assad បានបដិសេធការប្រើប្រាស់អាវុធគីមី និងស្តីបន្ទោសលើពួកបះបោរវិញ។ រដ្ឋធានី ដាម៉ាស ចោទលោកខាងលិចថា បានប្រើបញ្ហាអាវុធគីមីជាមធ្យោបាយដើម្បីរិះគន់ស៊ីរី៕

