ស៊ូដង់៖ ជនភៀសខ្លួនស៊ូដង់រាប់ម៉ឺននាក់ នៅតែបន្តធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសឆាដ ស្របពេលដែលសង្រ្គាមនៅក្នុងប្រទេសកំណើតរបស់ពួកគេ គ្មានសញ្ញាណាមួយនៃការបញ្ចប់នោះ ។
ជនភៀសខ្លួនដែលជិះលើរទេះជាមួយនឹងឥវ៉ាន់របស់ពួកគេ និយាយថា ពួកគេប្រឈមនឹងការបំពានឥតឈប់ឈរនៅតំបន់ដាហ្វួខាងលិច ជាកន្លែងដែលពួកគេរត់ភៀសខ្លួន ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សជាង ៤លាននាក់ ត្រូវបានជម្លៀសខ្លួននៅក្នុងសង្រ្គាមស៊ូដង់ ក្នុងនោះមនុស្សជាង ៣៧៧.០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសឆាដ ចេញពីតំបន់ដាហ្វួ ស្ថិតនៅភាគខាងលិចប្រទេសស៊ូដង់ ជាកន្លែងដែលក្រុមសាក្សីដាក់ការស្តីបន្ទោសលើក្រុមជីវពលអារ៉ាប់ដែលជាខ្សែបណ្តាញរបស់កងកម្លាំងគាំទ្ររហ័ស (RSF) ។
លោក Aymen Elmainគឺជាអ្នកសម្របសម្រួលកម្មវិធីស្បៀងអាហារពិភពលោក(WFP)សម្រាប់ជនភៀសខ្លួនមកពីស៊ូដង់ និយាយថា ពួកយើងមើលឃើញពីស្ថានភាពដ៏គួរឲ្យព្រួយបារម្ភនៅប្រទេសឆាដ ។ ជនភឿសខ្លួនស៊ូដង់ប្រហែល ៣៤៨.០០០នាក់ បានធ្វើដំណើរឆ្លងកាត់ព្រំដែនពីប្រទេសស៊ូដង់ ចូលទៅកាន់តំបន់ភាគខាងកើតប្រទេសឆាដ ។
លោក Elmainបន្តថា បច្ចុប្បន្ន កម្មវិធី WFPកំពុងធ្វើការរួមគ្នាជាមួយដៃគូដទៃទៀត ដើម្បីជួយដល់ជនភៀសខ្លួនទាំងអស់នេះ ហើយនិងផ្តល់ការការពារផងដែរចំពោះកង្វះខាតអាហារូបត្ថម្ភសម្រាប់កុមារ និងស្រ្តី ៕


