រុស្ស៊ី៖ កាលពីថ្ងៃអង្គារ រុស្ស៊ី បានគាំទ្រដោយផ្ទាល់ជាមួយប្រទេសអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការបដិសេធការប៉ុនប៉ងរបស់ប្រទេសលោកខាងលិចដើម្បីបន្តទប់ស្កាត់លើប្រទេសអ៊ីរ៉ង់ ទោះបីជាមានការដួលរលំនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលមានបំណងរារាំងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មក៏ដោយ។ បន្ទាប់ពីជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ក្នុងទីក្រុងតេអេរ៉ង់ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់សុទ្ធតែជឿថា ការបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះកើតចេញពី គោលនយោបាយខុសឆ្គងនៃសម្ពាធអតិបរមា ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ្នកទាំងឡាយណាដែលគិតស្រដៀងគ្នានោះ។ ក្រោយមក លោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលគេស្គាល់ថា JCPOA នៅក្នុងឆ្នាំ ២០១៨ ដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកវិញ ហើយទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយប្រទេសលោកខាងលិចកាន់តែធ្លាក់ចុះយ៉ាប់យ៉ឺនមិនធ្លាប់មានចាប់តាំងពីពេលនោះមក ដោយសារអ៊ីរ៉ង់បានពន្លឿនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែរុស្ស៊ីដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមជាមួយអាមេរិក ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បាននិងកំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសអ៊ីរ៉ង់ចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែន។ សង្រ្គាមដែលរុស្ស៊ីហៅថាជា «ប្រតិបត្តិការសិកពិសេស» បានជំរុញទំនាក់ទំនងផ្ទាល់របស់ខ្លួនជាមួយប្រទេសលោកខាងលិចដល់កម្រិតទាបបំផុតក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ។ ប្រភពជាច្រើនបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីខែមិថុនាថា អ្នកការទូតអឺរ៉ុប បានជូនដំណឹងដល់ប្រទេសអ៊ីរ៉ង់ថា ពួកគេមានផែនការចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការរក្សាទណ្ឌកម្មលើកម្មវិធីមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ ដែលនឹងផុតកំណត់នៅខែតុលាក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ពួកគេបានផ្តល់ហេតុផលចំនួនបីគឺ រុស្ស៊ីបានប្រើប្រាស់យានដ្រូនរបស់អ៊ីរ៉ង់ប្រឆាំងប្រទេសអ៊ុយក្រែន លទ្ធភាពដែលអ៊ីរ៉ង់អាចផ្ទេរមីស៊ីលបាលីស្ទីកទៅឲ្យរុស្ស៊ី និងការដកផលប្រយោជន៍របស់អ៊ីរ៉ង់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលខ្លួនបានរំលោភលើបន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញុ៕

