អាមេរិក៖ រង្វាន់ធំរបស់ឆ្នោតផ្សងសំណាងសហរដ្ឋអាមេរិក Mega Millionsបានកើនឡើងទឹកប្រាក់រហូតដល់ ១,៥៨ពាន់លានដុល្លារនៅថ្ងៃអង្គារ ក្រោយគ្មាននរណាម្នាក់ក្នុងចំណោមប្រជាពលរដ្ឋអាមេរិករាប់លាននាក់ ដែលលេងឆ្នោតចម្រុះរដ្ឋមួយនេះ កាន់សំបុត្រឈ្នះ អំឡុងពេលចាប់លេខកាលពីថ្ងៃសុក្រសប្តាហ៍មុន ។
យោងតាមវែបសាយរបស់ឆ្នោតផ្សងសំណាង Mega Millionsបានឲ្យដឹងថា បើសិនជាសំបុត្រសំណាងត្រូវបានរកឃើញអំឡុងពេលចាប់លេខនៅថ្ងៃអង្គារនេះ(ត្រូវនឹងថ្ងៃពុធនៅកម្ពុជា) អ្នកឈ្នះអាចជ្រើសរើសរវាងការទទួលបានប្រាក់ ១,៥៨ពាន់លានដុល្លារ អំឡុងការទូទាត់ប្រចាំឆ្នាំចំនួន ២៩លើក ឬសាច់ប្រាក់សុទ្ធសរុប ៧៥២,២លានដុល្លារ ។
លេខសំណាងនៅការចាប់ឆ្នោតនៅថ្ងៃអង្គារនេះ គឺ ៣២, ១៩, ១៣, ៣៣, ២០ និងលេខបាល់ ១៤របស់ឆ្នោតផ្សងសំណាង Mega Millions ។
ការចាប់ឆ្នោតផ្សងសំណាង Mega Millionsត្រូវបានធ្វើឡើងនៅវេលាម៉ោង ១១យប់ រៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ (ត្រូវនឹងព្រឹកថ្ងៃពុធ និងថ្ងៃសៅរ៍នៅកម្ពុជា) ។
សូមបញ្ជាក់ថា រង្វាន់ធំចុងក្រោយគេរបស់ឆ្នោតផ្សងសំណាង Mega Millions ត្រូវបានឈ្នះដោយអ្នកលេងម្នាក់នៅទីក្រុងញូវយ៉ក កាលពីខែមេសា ដែលមានទំហំទឹកប្រាក់ ២០លានដុល្លារ ៕

