
ភ្នំពេញ៖ សាលារាជធានីភ្នំពេញសម្រេចដកបម្រាមគោចរវិញហើយហើយអនុញ្ញាតឱ្យហាងអាហារអាចដំណើរការអាជីវកម្មបាននៅក្នុង«តំបន់លឿង» ចាប់ពីថ្ងៃស្អែកនេះតទៅ។
ក្នុងសេចក្ដីសម្រេចនៅល្ងាចថ្ងៃនេះ សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា បានសម្រេចបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនអាចបើកដំណើរការឡើងវិញបាននៅក្នុង«តំបន់លឿង»ចាប់ពីម៉ោងសូន្យឈានចូលថ្ងៃទី២២ ខែឧសភា។
ក្នុងសេចក្ដីសម្រេចដដែលនេះ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យគ្រប់ទីផ្សារ អាជីវកម្មអាហារទាំងអស់អាចបើកដំណើរការជាប្រក្រតីឡើងវិញ។
ចំណែកឯបម្រាមហាមឃាត់ការលក់ដូរគ្រឿងស្រវឹងនៅរាជធានីភ្នំពេញ ក៏ត្រូវបានលុបចោលវិញដែរ។
ទោះជាយ៉ាងណា សាលារាជធានីភ្នំពេញក្រើនរំលឹកឱ្យប្រតិបត្តិតាមវិធានការសុវត្ថិភាព និងវិធានការសុខាភិបាល ដើម្បីបង្ការការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
សាលារាជធានីភ្នំពេញនៅមិនទាន់អនុញ្ញាតឱ្យដំណើរការឡើងវិញនោះឡើយនូវការងារ និងអាជីវកម្មកម្សាន្តនានា៕


