ភ្នំពេញ៖ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ជាប្រចាំបានត្រៀមលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ក្នុងការសង្រ្គោះបន្ទាន់ ក្នុងករណីមានការជន់លិចដោយទឹកជំនន់ នៅតាមបណ្តាខណ្ឌនានា។
បើតាមឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះថា មនី្ទរសុខាភិបាលរាជធានីភ្នំពេញ មានវិធានការ ការពារគ្រោះទឹកជំនន់ក្នុងរាជធានីភ្នំពេញ ពិសេសនៅតាមមនី្ទរពេទ្យបង្អែក ដែលឋិតនៅក្នុងមូលដ្ឋានធ្លាប់រងគ្រោះ និងលិចដោយទឹកជំនន់ ក្នុងនោះមានដូចជា៖ មូលដ្ឋានខណ្ឌដង្កោ និងខណ្ឌកំបូល ដែលរងគ្រោះញឹកញាប់ដោយទឹកជំនន់ ទន្ទឹមនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានត្រៀមឱសថសម្រាប់ការពារ នៅពេលដែលមានទឹកជំនន់ឡើងមក និងសត្វអសិរពិស ដូចជា៖ពស់ពិសចឹក និងសត្វដទៃ គឺមានថ្នាំសម្រាប់ចាក់ការពារ ភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនទុកឲ្យឈានដល់មានការស្លាប់បាត់បង់អាយុជីវិតនោះទេ ហើយមកដល់ពេលនេះក៏មិនមានការជន់លិច និងលិចមណ្ឌលសុខភាពនោះដែល។
ជាក់ស្តែងលោកវេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ប្រធានការិយាល័យស្រុកប្រតិបតិ្តដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានប្រាប់BTV ព័ត៌មានផងដែរថា នេះជារដូវកាលមានភ្លៀងធ្លាក់ ដែលអាចបង្ករឲ្យមានទឹកជំនន់ ស្ថិតនៅតាមសណ្តរស្ទឹងព្រែកត្នោត ដោយសារភូមិសាស្រ្តទឹកដីខណ្ឌដង្កោ គឺជាប់នឹងសណ្តរស្ទឹងព្រែកត្នោត។ ដូច្នេះវាអាចប្រឈមនូវការលិចលង់ ប្រសិនបើកម្ពស់ទឹក នឹងមានការកើនឡើង ប៉ុន្តែមកដល់ពេលនេះ សង្កេតឃើញថា សន្ទុះទឹកមិនទាន់មានការកើនឡើង និងមិនប្រឈមការលិចលង់នៅផ្ទះសម្បែងរបស់ប្រជាពលរដ្ឋឡើយ។
បើសិនជាមានទឹកជំនន់ជន់ជោឡើងនៅតាមសណ្តរស្ទឹងព្រែកត្នោត នឹងធ្វើឲ្យមានការលិចលង់ដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះលោកវេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ សុំឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន ក្នុងករណីជន់លិច សូមឲ្យមានការបំលាស់ទី មកកាន់ទីទួលមានសុវតិ្ថភាព ដែលអាជ្ញាធរមានរៀបចំជូន និងសុំឲ្យមានអនាម័យក្នុងការរស់នៅ ត្រូវមានវិធានការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាពិសេសបើបងប្អូនប្រជាលរដ្ឋមានបញ្ហាសុខភាព សូមប្រញាប់រួសរាន់ស្វែងរកកន្លែងផ្តល់សេវាថែទាំសុខភាព នៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋបំផុត កុំបង្អែបង្អង់យូរ៕អត្ថបទ រដ្ឋា






