អ៊ីតាលី៖ កម្ដៅដ៏ខ្លាំងនៅរដូវក្តៅនេះ ត្រូវបានចាត់ទុកជាមូលហេតុមួយផ្នែកសម្រាប់ការស្លាប់របស់មនុស្សជាច្រើន នៅកន្លែងធ្វើការនៅទូទាំងប្រទេសអ៊ីតាលី រួមទាំងការដ្ឋានសំណង់ ហាងនំប៉័ង និងផ្សារទំនើបផងដែរ។ កាលពីខែមុន បុរសវ័យ ៤៤ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីដួលពេលកំពុងគូរគំនូរតាមផ្លូវក្នុងតំបន់ឡូឌី ជាទីប្រជុំជនជិតទីក្រុងមីឡាន។
ក្រុមកម្មករអាចទទួលរងនូវជំងឺសុរិយរោគ បាត់បង់ជាតិទឹកយ៉ាងគ្រោះថ្នាក់ ឬកម្ដៅអាចធ្វើអោយស្ថានភាពដែលមានស្រាប់ ដូចជាជំងឺបេះដូង កាន់តែធ្ងន់ធ្ងរផងដែរ។ បន្ទាប់ពីរលកកម្ដៅដ៏ខ្លាំងនៅអឺរ៉ុបនៅរដូវក្តៅនេះ សហជីពបាននឹងកំពុងអំពាវនាវឱ្យមានច្បាប់ថ្មីដើម្បីការពារមនុស្សដែលធ្វើការនៅខាងក្រៅ រួមទាំងកម្មករសំណង់ និងកម្មករកសិកម្មផងដែរ។
នៅក្នុងប្រទេសអ៊ីតាលី រដ្ឋាភិបាលបានប្រតិបត្តិការយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងរលកកម្ដៅដ៏ក្ដៅបំផុតរបស់ខែកក្កដា។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni បានណែនាំវិធានការបន្ទាន់ថ្មី រួមទាំងការបន្ធូរបន្ថយបទប្បញ្ញត្តិសម្រាប់ក្រុមហ៊ុនសំណង់ និងកសិកម្ម។
ដោយសាររដូវក្តៅនៅក្នុងប្រទេសអ៊ីតាលី និងជុំវិញពិភពលោកនៅតែបន្តក្តៅខ្លាំង ផលប៉ះពាល់លើកម្មករជាទូទៅត្រូវបានកំណត់ថាកាន់តែអាក្រក់ទៅៗ។ អង្គការសហប្រជាជាតិនិយាយថាភាពតានតឹងនឹងកម្ដៅនឹងកាត់បន្ថយម៉ោងធ្វើការសរុបជាងពីរភាគរយនៅទូទាំងពិភពលោកក្នុងឆ្នាំ២០៣០៕

