ឥណ្ឌូនេស៊ី៖ ភូមិ Karanganyar របស់ប្រទេសឥណ្ឌូនេស៊ី មិនមានភ្លៀងធ្លាក់រយៈពេល៤ខែហើយ ដោយសារតែគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូត អ៊ែលនីញ៉ូ នៅប្រទេសនេះ ដូច្នេះប្រជាជនក្នុងភូមិនេះ បាននាំគ្នាជីកដៃទន្លេ ដែលបានរីងទឹកអស់ដោយសារគ្រោះរាំងស្ងួតដើម្បីទទួលបានទឹកប្រើប្រាស់។
ក្នុងរយៈពេលមួយម៉ោង ឬពីរម៉ោង ទឹកដែលមានជាត់ប្រៃ និងភក់ នឹងហូរបំពេញរន្ធដែលទើបនឹងជីកនោះ។ បន្ទាប់មកអ្នកភូមិ Karanganyar ជាច្រើននាក់ ក្នុងខេត្តភាគកណ្ដាលនៃកោះជ្វា នេះ នាំគ្នាយកទឹកទៅផ្ទះដើម្បីផឹក លាងសម្អាត និងស្រោចស្រពដំណាំ។ អ្នកភូមិនេះបានចាប់ផ្ដើមជីកដៃទន្លេតាំងពីខែមិថុនា មកម្ល៉េះ នៅពេលដែលទឹកក្នុងអណ្តូងរបស់ពួកគេរីងអស់។
កសិករម្នាក់ក្នុងភូមិនោះឈ្មោះ Sunardi បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា «គ្រោះរាំងស្ងួតនៅភូមិនេះមានចាប់តាំងពីខែមេសាមក ហើយរហូតមកដល់ពេលនេះមិនមានភ្លៀងធ្លាក់ទេ អណ្ដូងនៅតំបន់នេះរីងអស់ហើយ ដូច្នេះអ្នកស្រុកអាចទទួលបានតែទឹកពីដៃទន្លេប៉ុណ្ណោះ»។
ទីភ្នាក់ងារអាកាសធាតុឥណ្ឌូណេស៊ី (BMKG) បាននិយាយថា បាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ ដែលនាំមកនូវអាកាសធាតុក្តៅ និងស្ងួតរយៈពេលយូរ កំពុងជះឥទ្ធិពលជាងពីរភាគបីនៃប្រទេសដ៏ធំនេះ រួមទាំងប្រជុំកោះជ្វាទាំងអស់ តំបន់ភាគខាងជើងនៃតំបន់កាលីម៉ាន់តាន់ និងតំបន់ផ្សេងៗទៀត លើកលែងតែតំបន់ឆ្នេរនៃសមុទ្រ ស៊ូម៉ាត្រា ប៉ុណ្ណោះ៕

