UN៖ ក្រុមអ្នកស៊ើបអង្កេតដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ (UN) បានឲ្យដឹង កាលពីថ្ងៃអង្គារ (ទី៨ ខែសីហា) ថា យោធា និងកងជីវពលដែលមានសម្ព័ន្ធភាពជាមួយគ្នារបស់សហភាពមីយ៉ាន់ម៉ា កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមកាន់តែញឹកញាប់ និងកាន់តែឥតអៀនខ្មាស់ ក្នុងនោះរួមទាំងការទម្លាក់គ្រាប់បែកសំដៅលើជនស៊ីវិលផងដែរ។
យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា ឬ IIMM បាននិយាយថា ខ្លួនបានរកឃើញភ័ស្តុតាងដ៏គួរឲ្យជឿជាក់ ក្នុងរយៈពេល ១២ខែ ដែលបញ្ចប់ក្នុងខែមិថុនា ដែលបង្ហាញថា កងទ័ព និងកងជីវពល បានកំណត់គោលដៅវាយប្រហារដោយគ្រាប់បែកលើជនស៊ីវិលដោយមិនរើសមុខ និងមិនកំណត់ចំនួននោះឡើយ ដោយសម្លាប់មនុស្សដែលត្រូវបានចាប់ឃុំខ្លួនយ៉ាងរង្គាល អំឡុងប្រតិបត្តិការ និងការដុតផ្ទះសម្បែងជនស៊ីវិលទ្រង់ទ្រាយធំ។
ក្រុមដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០១៨ ដើម្បីតាមដានការរំលោភច្បាប់អន្តរជាតិ ក្នុងសហភាពមីយ៉ាន់ម៉ា បានប្រាប់ថា ខ្លួនកំពុងប្រមូលភ័ស្តុតាងដែលអាចប្រើប្រាស់បាន ក្នុងការកាត់ទោសអ្នក ដែលត្រូវទទួលខុសត្រូវ នាពេលអនាគត។
សូមបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីពួកយោធា បានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់មេដឹកនាំស៊ីវិល លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយការទម្លាក់អំណាចនោះ បានបង្កឲ្យមានការតវ៉ាអហិង្សាដ៏ធំកើតឡើង ដែលជាបន្តបន្ទាប់ត្រូវបានបង្ក្រាបយ៉ាងខ្លាំងក្លា។
កាលពីខែមេសា ពួកយោធាបានទម្លាក់គ្រាប់បែកមួយគ្រាប់ ដែលក្រុមឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ជាអាវុធ «បំផ្ទុះពពក» ដែលគេស្គាល់ថា ជាអាវុធជាតិផ្ទុះក្នុងការវាយប្រហារលើភូមិ Pazigyi ក្នុងតំបន់ Sagaing( សាហ្កាំង) ដែលបានសម្លាប់មនុស្សជាង ១៦០នាក់ ក្នុងនោះមានរួមទាំងកុមារជាច្រើននាក់ផងដែរ។
IIMM បានលើកឡើងនៅក្នុងរបាយការណ៍មួយថា យោធាគួរតែដឹង ឬពិតជាដឹងថា ជនស៊ីវិលមួយចំនួនធំមានវត្តមាននៅទីនោះ ក្នុងពេលធ្វើការវាយប្រហារមួយចំនួន ហើយជាមួយគ្នានេះ បាននិយាយថា ខ្លួនកំពុងបន្តស៊ើបអង្កេតយ៉ាងសកម្មពាក់ព័ន្ធនឹងអំពើហិង្សា ដែលរួមទាំងឧក្រិដ្ឋកម្មផ្លូវភេទ និងយេនឌ័រ ដែលប្រព្រឹត្តដោយយោធាប្រឆាំងនឹងជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា ក្នុងឆ្នាំ២០១៧។
តែយ៉ាងណាក្ដី រដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា បានច្រានចោលការចោទប្រកាន់ ដែលថា កងកម្លាំងសន្តិសុខ បានប្រព្រឹត្តការអំពើរំលោភ និងការសម្លាប់រង្គាល និងបានដុតផ្ទះសម្បែងរាប់ពាន់ខ្នង នៅក្នុងយុទ្ធនាការនេះ។ ចំណែកឯរដ្ឋាភិបាលអាមេរិកបានចាត់ទុកទង្វើរបស់យោធាមីយ៉ាន់ម៉ាថា ជាអំពើប្រល័យពូជសាសន៍៕


