អ៊ីរ៉ាក់៖ ពេលដែលសីតុណ្ហភាពកើនឡើងលើសពី ៥០អង្សាសេ ការដ្ឋានសាងសង់អ៊ីរ៉ាក់ បានក្លាយជាកន្លែងធ្វើការដ៏គ្រោះថ្នាក់បំផុតនៅក្នុងរដូវក្តៅនេះ ។
កម្មករសំណង់អ៊ីរ៉ាក់ ពិបាកទ្រាំទ្រខ្លាំងណាស់នឹងឥដ្ឋក្តៅដូចភ្លើង ហើយពួកគេមួយចំនួនដែលខ្សោយអស់កម្លាំងបានដួល ហើយកម្មករខ្លះបានធ្លាក់ពីលើអគារថែមទៀតផង ។
ហានិភ័យបានកើនឡើងនៅក្នុងប្រទេសមួយនេះ ដែលអង្គការសហប្រជាជាតិ(UN) ផ្តល់ចំណាត់ថ្នាក់ជាប្រទេសងាយរងគ្រោះបំផុតលំដាប់ទី ៥របស់ពិភពលោកដោយសារបម្រែបម្រួលអាកាសធាតុ ជាហេតុនាំឲ្យមានការអំពាវនាវដល់ការគិតគូរឡើងវិញ ក៏ដូចជាការការពារល្អជាងនេះនៅក្នុងវិស័យសំណង់ ។
លោក Sajad al-Zamiគឺជាកម្មករសំណង់មួយរូបធ្វើការនៅទីក្រុងភាគខាងត្បូង Basraនិយាយថា ពេលដែល សីតុណ្ហភាពឡើងខ្ពស់ នៅវេលាម៉ោង ៩ព្រឹក ឬវេលាថ្ងៃជិតត្រង់ អ្នកឃើញកម្មករម្នាក់ទីនេះដួល កម្មករម្នាក់នៅទីនោះឈឺ កម្មករម្នាក់ទៀត សន្លប់ ដោយសារតែអាកាសធាតុក្តៅ ។ លោកបន្តថា បើសិនជាពួកយើងមិនធ្វើការ ពួកយើងមិនអាចរស់បានទេ ។
គួរឲ្យដឹងថា វិស័យសំណង់នៅក្នុងប្រទេសអ៊ីរ៉ាក់ បានរីកដុះដាលខ្លាំង ដោយសារតែមានស្ថិរភាពនៅក្នុងប្រទេសក្រោយសង្រ្គាមអស់រយៈពេលច្រើនទសវត្សរ៍ ក៏ដូចជាការវិនិយោគទុនកើនឡើងដ ស្របពេលដែលតម្លៃប្រេងហក់ឡើងខ្ពស់ ប៉ុន្តែរដូវក្តៅក្តៅខ្លាំង បានធ្វើឲ្យការងារសំណង់កាន់តែលំបាក សម្រាប់កម្មកររាប់ម៉ឺននាក់ ដែលធ្វើការក្នុងវិស័យមួយនេះ ៕


