ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអះអាងថា ចាប់ពីពេលនេះតទៅគ្មានការលើកលែងចំពោះមន្រ្តីណា ដែលបានផ្តល់នូវឯកសារសញ្ជាតិ កម្ពុជាមិនត្រឹមត្រូវដល់ជនបរទេសនោះឡើយ ខណៈរហូតមកដល់ពេលនេះអគ្គនាយដ្ឋានអន្តោប្រវេសន្តដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលកាន់កាប់ដោយជនបរទេសបានចំនួន ៣៧,៤៤១ច្បាប់ និងបណ្ដេញទៅប្រទេសគេវិញជិតពីរម៉ឺននាក់ហើយនោះ។
ថ្លែងនៅក្នុងកម្មវិធីប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោរប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ចាប់ពីពេលនេះតទៅត្រូវតែលុបបំបាត់ចំពោះការផ្តល់នូវឯកសារឬអត្តសញ្ញាណដល់ជនបរទេសដោយគ្មានអនុក្រឹត្យឬរាជក្រឹត្យ បើពុំដូច្នេះទេនឹងទទួលទោសទៅតាមច្បាប់ជាធរមាន។
សម្តេចបានសង្កត់ធ្ងន់ថា«កាលពីកន្លងទៅមានករណីនេះច្រើនណាស់ ចំពោះការផ្តល់ នូវឯកសារគ្មានរាជក្រឹត្យត្រឹមត្រូវដល់ជនបរទេស ហើយក្នុងនាមជាមន្រ្តីអនុវត្តន៍ច្បាប់ត្រូវ បញ្ឈប់ដាច់ខាត់បើពុំដូច្នេះទេនឹងត្រូវទទួលទោសទៅតាមច្បាប់»។
ទាក់ទងនឹងករណីនៃការផ្តល់នូវឯកសារមិនប្រក្រតីនេះដែរឯកឧត្តម គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តរប្រវេសន្តបានបញ្ជាក់ថា នាពេលកន្លងទៅ មានមន្រ្តីខិលខូចបានផ្តល់នូវឯកសារមិនប្រក្រតីទាំងនោះច្រើនដល់ជនបរទេសជា ពិសេសគឺជនជាតិវៀតណាមតែម្តង។ តែយ៉ាងណាក៏ដោយចាប់ពីពេលនេះតទៅគឺនឹងគ្មានបន្តទៀតនោះឡើយ។
យោងតាមឯកសាររបស់អគ្គនាយកដ្ឋានអន្តោរប្រវេសន្តបានឲ្យដឹងថារហូតមកដល់ពេលនេះអាជ្ញាធរបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលកាន់កាប់និងប្រើប្រាស់ដោយជនបរទេសគឺមានចំនួន៣៧,៤៤១ច្បាប់ ក្នុងចំនួន២០,០៩៣គ្រួសារ មនុស្សរួមចំនួន៦៩,៨៧១នាក់។ ជាមួយគ្នានោះឯកសារដដែលបានឲ្យដឹងផងដែរថា នគរបាលអន្តប្រវេសន្តក៏បានទទួលពាក្យ សុំប្រកាសទទួលស្គាល់ជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅកម្ពុជាចំនួន៦០៥៦១ឯកសារ ដោយមានមនុស្ស២៨៥៧២ គ្រួសារ និងមានសមាជិកសរុប ៨៨,១១២នាក់ មាន ១១សញ្ជាតិ ហើយតជនបរទេសរស់នៅកម្ពុជាសព្វថ្ងៃមានចំនួន៨៨,១១២នាក់ បើបូកទាំងជនបរទេស កំពុងជាប់ពន្ធនាគារទៀត គឺស្នើនឹង៩ម៉ឺននាក់៕



