មណ្ឌលគិរី៖ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន សម្របសម្រួល និងចុះផ្ទាល់ដោយលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែងនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្នុងក្រុងសែនមនោរម្យ និងបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន១១នាក់ នៅថ្ងៃទី២១ ឧសភា ម្សិលមិញនេះ។
យោងតាមរបាយការណ៍របស់មន្ត្រីជំនាញ បានបង្ហាញថា នេះជាករណីជួញដូរ ចែក ចាយ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់ចំនួន១១នាក់ស្រី០២នាក់ ក្នុងនោះបង្ក្រាបនៅផ្ទះឈ្មោះ ហែម ម៉េង ភេទប្រុស ឃាត់ខ្លួនជនសង្ស័យបាន០៥នាក់ បន្ទាប់មកមន្ត្រីជំនាញបានបន្តចុះទៅបង្ក្រាបមួយទីតាំងទៀតឃាត់ខ្លួនជនសង្ស័យ០៦នាក់ នៅផ្ទះរបស់ឈ្មោះ ម៉ូត ស្រីម៉ៅ ភេទស្រី និងឈ្មោះ កែវ សុវណ្ណរ៉ា ហៅខ្លូត ភេទប្រុស ។
ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានរកឃើញនិងដកហូតនូវវត្ថុតាងមួយចំនួនដូចជា សារធាតុ មានសណ្ឋានជាក្រាមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀនចំនួនសរុប(១៦កញ្ចប់) ០៣ កញ្ចប់ធំល្មមនិង១៣កញ្ចប់តូច ទម្ងន់ ១២,៩០ក្រាម ថ្លឹងទាំសំបក ម៉ូតូ០៩គ្រឿង ទូរសព្ទ០៩គ្រឿង និងសម្ភារៈប្រើប្រាស់ជាមួយគ្រឿងញៀនមួយចំនួនទៀត ។ ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់ ៕
អ៊ិត ភីរុណ





