ទីភ្នាក់ងារការពារទិន្នន័យរបស់ប្រទេសន័រវេស បាននិយាយថា ខ្លួននឹងចាប់ផ្តើមពិន័យម្ចាស់កម្មវិធីបណ្ដាញសង្គម Facebook និងកម្មវិធី Instagram របស់ក្រុមហ៊ុន មេតា ក្នុងទឹកប្រាក់ជិត ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ សម្រាប់ការប្រឆាំងនឹងបម្រាមប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដើម្បីកំណត់គោលដៅផ្សាយពាណិជ្ជកម្ម។

អង្គការឃ្លាំមើលន័រវេស ឈ្មោះ Datatilsynet បាននិយាយថា ក្រុមហ៊ុន មេតា នឹងត្រូវពិន័យជាប្រាក់១លានក្រូន័រន័រវេស (៩៧.០០០ដុល្លារ) ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែសីហា។
លោក Tobias Judin ប្រធាននាយកដ្ឋានអន្តរជាតិរបស់ទីភ្នាក់ងារ Datatilsynet បាននិយាយថា ការផាកពិន័យនោះទាក់ទងនឹងការសម្រេច ដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ដោយទីភ្នាក់ងារនេះបានដាក់បម្រាមបណ្តោះអាសន្នលើការផ្សាយពាណិជ្ជកម្មនៅលើកម្មវិធីបណ្ដាញសង្គម Facebook និងកម្មវិធី Instagram។ ទីភ្នាក់ងារ Datatilsynet បានប្រកាសពីបម្រាមនៅថ្ងៃទី១៧ ខែកក្កដា ហើយដើមឡើយបាននិយាយថា ក្រុមហ៊ុន មេតា មានពេលរហូតដល់ថ្ងៃទី៤ ខែសីហា ដើម្បីចាត់វិធានការកែតម្រូវ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សនេះបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនមានបំណងស្នើសុំអ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប EEA (តំបន់សេដ្ឋកិច្ចអឺរ៉ុប) និងប្រទេសស្វីស ដើម្បីផ្តល់ការយល់ព្រមរបស់ពួកគេ មុនពេលអនុញ្ញាតឱ្យមានការផ្សាយពាណិជ្ជកម្មតាមគោលដៅលើបណ្តាញរបស់ខ្លួន៕
