អេស្ប៉ាញ់ ៖ លោក Artur Duranលើកដៃគាត់ដាក់ត្រឹមចង្កេះ ដើម្បីបង្ហាញកម្រិតទឹកដែលលោកចាំបានកាលពីរយៈពេល ២ឆ្នាំមុននៅអាងស្តុកទឹក Darnius Boadella ស្ថិតនៅភាគឦសានប្រទេសអេស្ប៉ាញ ប៉ុន្តែឥឡូវទឹករីងហួតអស់ហើយ ។
អ្នកស្រុកវ័យ ៧៩ឆ្នាំម្នាក់នេះ និយាយថា លោកពុំធ្លាប់ដែលមើលឃើញកម្រិតទឹកក្នុងអាងស្តុកទឹកដែលសល់ប្រហែល ២០ភាគរយ ទាបបែបនេះនោះទេ ។
កាលពីសប្តាហ៍មុន ក្រុមអាជ្ញាធរតំបន់ Catalonia បានដាក់ចេញវិធានការរឹតត្បិតការប្រើប្រាស់ទឹកថ្មីលើភូមិចំនួន ២២កន្លែងនៅជុំវិញអាងស្តុកទឹក ស្ថិតនៅជិតព្រំដែនប្រទេសបារាំង ស្របពេលដែលទឹកជ្រោះផ្គត់ផ្គង់ពួកគេ បានរីងអស់ ។
ប្រទេសអេស្ប៉ាញ បានចុះបញ្ជីឆ្នាំឆ្ងួតបំផុត អំឡុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំ ២០២៣នេះ ចាប់តាំងពីកំណត់ត្រាចាប់ផ្តើមកាលពីទសវត្សរ៍ឆ្នាំ ១៩៦០ ក្នុងនោះតំបន់ Catalonia និងតំបន់ Andalusiaស្ថិតនៅភាគខាងត្បូងអេស្ប៉ាញ រងផលប៉ះពាល់ខ្លាំងជាងគេបំផុត ។លោក Ruben del Campo គឺជាអ្នកនាំពាក្យទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ និយាយថា រលកកម្តៅជាច្រើន ត្រូវបានរកឃើញនៅក្នុងប្រទេសអេស្ប៉ាញ និងតំបន់ផ្សេងទៀតនៅអឺរ៉ុបក្នុងរដូវក្តៅនេះ ធ្វើឲ្យគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរខ្លាំង ធ្វើឲ្យកម្រិតទឹកនៅក្នុងអាងស្តុកទឹកធ្លាក់ចុះ ស្របពេលដែលការរំហួតទឹក និងការប្រើប្រាស់ទឹក កើនឡើង ។
ភូមិចំនួន ២២កន្លែង បន្ថែមលើភូមិ២កន្លែងទៀតនៅតំបន់ភាគខាងត្បូង Cataloniaដែលមានពលរដ្ឋរស់នៅប្រហែល ២៥.០០០នាក់ ស្ថិតក្នុងគ្រាអាសន្ននៃកង្វះខាតទឹកប្រើប្រាស់ ។
នេះមានន័យថា ពួកគេត្រូវតែរឹតត្បិតការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ពួកគេមកនៅត្រឹមមធ្យម ២០០លីត្រ ក្នុងបុគ្គលម្នាក់ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរនៅពុំទាន់រឹតត្បិតទឹកសម្រាប់ការប្រើប្រាស់របស់មនុស្សនោះទេ ប៉ុន្តែទឹកសម្រាប់កសិកម្មនឹងត្រូវហាមឃាតភាគច្រើន ហើយការប្រើប្រាស់ទឹកសម្រាប់ឧស្សាហកម្ម ត្រូវកាត់បន្ថយចំនួន២៥ភាគរយផងដែរ ៕

