ជប៉ុន ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក ហ៊ីរ៉ូកាហ្សូ ម៉ាតស៊ូណូ (Hirokazu Matsuno) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសជប៉ុន បានដាក់ពាក្យតវ៉ាជាមួយរុស្ស៊ីជុំវិញការផ្អាកសន្ធិសញ្ញាពន្ធរបស់ទីក្រុងមូស្គូ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការផ្អាកកិច្ចព្រមព្រៀងពន្ធទ្វេដងរបស់រុស្ស៊ីជាមួយនឹងអ្វីដែលហៅថា«ក្រុមប្រទេសអមិត្ត» ជាប្រទេសដែលបានដាក់ទណ្ឌកម្ម។
លោក ម៉ាតស៊ូណូ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖«វាជារឿងគួរឲ្យសោកស្តាយដែលរុស្ស៊ីសម្រេចចិត្តផ្អាកជាឯកតោភាគីនូវបទប្បញ្ញត្តិមួយចំនួននៃសន្ធិសញ្ញាពន្ធជប៉ុន-រុស្ស៊ី ដែលជាវិធានការមិនសមហេតុផលដែលអាចបង្កមហន្តរាយដល់ពលរដ្ឋ និងអាជីវកម្មជប៉ុន។
លោកបានបន្តថា៖«ប្រទេសជប៉ុន បានធ្វើការតវ៉ាប្រឆាំងនឹងប្រទេសរុស្ស៊ីតាមរយៈផ្លូវការទូត ហើយបានសុំពួកគេឲ្យដកការសម្រេចចិត្តរបស់ពួកគេចេញវិញ»។
លោកម៉ាតស៊ូណូ ក៏បាននិយាយផងដែរថា រដ្ឋាភិបាលនឹងពិនិត្យយ៉ាងដិតដល់នូវការសម្រេចចិត្តរបស់រុស្ស៊ី ហើយនឹងប្រមូលព័ត៌មានអំពីស្ថានភាពរបស់ក្រុមហ៊ុនជប៉ុននៅទីនោះ និងចាត់វិធានការសមស្រប។

