កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសអាសន្នកម្រិតខ្ពស់បំផុត ពេលដែលភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយសារព្យុះទីហ្វុង Khanunវាយប្រហារតំបន់ភាគខាងត្បូងប្រទេសមួយនេះនៅថ្ងៃពុធនេះ បង្ខំឲ្យក្រុមអាជ្ញាធរលុបចោលជើងហោះហើរទាំងអស់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Jeju ចាប់ពីវេលាម៉ោង ៦ និង ៣០នាទីល្ងាចនេះតទៅ ។
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង និយាយថា ព្យុះនេះដែរ បានបង្ខំឲ្យបិទផ្លូវថ្នល់រាប់សិបខ្សែនៅតាមមាត់សមុទ្រ ។
ក្រុមអាជ្ញាធរ និយាយថា ព្យុះ Khanunអាចនឹងបោកបក់ដល់ដីគោកនៅទីក្រុងភាគអាគ្នេយ៍ Tongyeongរបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ស្អែក មុនពេលពលបោកបក់ចូលទៅកាន់ឧបទ្វីបកូរ៉េ ។
កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមមន្រ្តី បានជម្លៀសក្រុមកាយរិទ្ធិ៍ជាង ៣ម៉ឺននាក់ ចេញពីទីតាំងបោះជំរំរបស់ពួកគេ នៅតំបន់ភាគនិរតីប្រទេស មុនការមកដល់របស់ព្យុះ ជាហេតុធ្វើឲ្យប៉ះពាល់ដល់កម្មវិធីក្រុមកាយរិទ្ធិ៍ពិភពលោកមួយនេះ ។
បច្ចុប្បន្ន ព្យុះទីហ្វុង Khanunកំពុងស្ថិតនៅក្នុងសមុទ្រនៅភាគខាងត្បូងកោះ Kyushu ដែលជាកោះសំខាន់នៅភាគនិរតីប្រទេសជប៉ុន មានចម្ងាយប្រហែល ៨៦០គ.មពីទីក្រុងតូក្យូ ក្រោយបង្កភាពវឹកវរនៅតំបន់ភាគនិរតី Okinawa ៕

