ម៉ិចស៊ិក ៖ ដោយសារឮតៗគ្នាពីពាក្យចចាមអារ៉ាមនានា បាននាំឲ្យជនអន្តោប្រវេសន៍រាប់រយនាក់ មកប្រមូលផ្តុំគ្នាកកកុញនៅតាមព្រំដែនជាមួយសហរដ្ឋអាមេរិក ក្នុងទីក្រុងស៊ីអ៊ូដាត វ៉ារេស (Ciudad Juarez) នៅភាគខាងជើងរបស់ប្រទេសម៉ិកស៊ិក កាលពីល្ងាចថ្ងៃចន្ទ (ទី៧ ខែសីហា)។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ពាក្យចចាមអារ៉ាមមិនពិតទាំងនោះ បានចាប់ផ្ដើមសុសសាយតាមរយៈបណ្ដាញសង្គម និងការនិយាយពីមាត់មួយទៅមាត់មួយថា សហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យចូលទៅក្នុងប្រទេសជាក្រុម ទើបជំរុញឲ្យមានការជួបជុំនេះ។
បើយោងតាមមន្ត្រីព្រំដែនសហរដ្ឋអាមេរិក បានឲ្យដឹងថា បន្ទាប់ពីផុតកំណត់ ក្នុងខែឧសភានៃការរឹតបន្តឹងតាមព្រំដែន ក្នុងពេលមានជំងឺរាតត្បាត ជនអន្តោប្រវេសន៍មួយចំនួន ដែលព្យាយាមឆ្លងចូលទៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ ៧០ភាគរយ។
គេឃើញថា មនុស្សប្រហែល ១.០០០នាក់ បានមកជួបជុំគ្នានៅជុំវិញព្រំដែនទល់មុខទីក្រុង El Paso នៃរដ្ឋតិចសាស់ ដែលអ្នកខ្លះកំពុងមើលតាមប្រឡោះជញ្ជាំងព្រំដែន ខណៈអ្នកផ្សេងទៀតអង្គុយអមតាមក្បួនរថភ្លើងឧស្សាហកម្មដែលធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាមេរិក។ មន្ត្រីគយ និងការពារព្រំដែន បានដករបងលួសបន្លាកាត់ច្រកផ្លូវរថភ្លើងចេញ។
ជនអន្តប្រវេសន៍ជនជាតិវេណេស៊ុយអេឡាម្នាក់ឈ្មោះលោក Johan Ramirez បាននិយាយថា៖ «អ្នកគ្រាន់តែអាចដឹងបានថា មានមនុស្សប៉ុន្មាននាក់ដែលចង់ឆ្លងកាត់ព្រំដែន សម្រាប់គ្រួសាររបស់យើង សម្រាប់អនាគតរបស់យើង។ យើងបានចំណាយពេលជាច្រើនថ្ងៃនៅទីនេះ។ លុយរបស់យើងអស់ហើយ យើងកំពុងដេកនៅតាមផ្លូវ»៕

