កូរ៉េខាងត្បូង ៖ ក្រុមកាយរិទ្ធិ៍ស្វីស ៣នាក់ បានរងរបួស ក្នុងឧបទ្ទេវហេតុរថក្រុងនាថ្ងៃពុធនេះ ពេលធ្វើដំណើរតាមផ្លូវទៅកាន់ទីក្រុងសេអ៊ូល ក្រោយពួកគេត្រូវបានជម្លៀសចេញពីកន្លែងបោះជំរំ មុនពេលព្យុះជិតមកដល់ ។
ទីភ្នាក់ងារព័ត៌មាន Yonhapរបស់កូរ៉េខាងត្បូង រាយការណ៍ថា នៅវេលាម៉ោង ១២ និង ៤៦នាទីថ្ងៃត្រង់ រថយន្តក្រុងទេសចរណ៍ដឹកអ្នកដំណើរ ៣៨នាក់ រួមទាំងក្រុមកាយរិទ្ធិ៍ស្វីស ៣៦នាក់ ជាមួយនឹងគ្រូរបស់ពួកគេ និងអ្នកបើកបរ បានបុកជាមួយរថយន្តក្រុងក្នុងស្រុកមួយគ្រឿងទៀត នៅទីក្រុង Suncheon ស្ថិតក្នុងខេត្តចេឡាខាងត្បូង ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ជនជាតិស្វីស ៣នាក់ បានរបួស ក្នុងនោះ ២នាក់នៃចំណោមពួកគេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
គួរឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញ កូរ៉េខាងត្បូង បានជម្លៀសក្រុមកាយរិទ្ធិ៍ក្មេងៗពីកន្លែងបោះជំរំរបស់ពួកគេ មុនការមកដល់របស់ព្យុះទីហ្វុង Khanun ៕

